រដ្ឋបាលខេត្តព្រះសីហនុ ចុះបិទសណ្ឋាគារស៊ីនយីនថៃ ​ផ្អាកមិនឲ្យ​ធ្វើអាជីវកម្ម និង​ដាក់ជាមណ្ឌល​ចត្តាឡីស័ក ព្រោះរកឃើញភ្ញៀវវិជ្ជមានជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ ២០២១នេះ បាន​​ចេញសេចក្តីជូនដំណឹងដល់ លោក FENG JIA ម្ចាស់សណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្តីពីការផ្អាកជាបណ្តោះអាសន្នអាជីវកម្មសណ្ឋាគារ ស៊ីនយីនថៃ និងត្រូវបានដាក់ជាមណ្ឌលធ្វើចត្តាឡីស័ក។

ចំពោះការផ្អាកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនេះ បានយកសំណាកតេស្តពីភ្ញៀវ ដែលបានស្នាក់នៅសណ្ឋាគារ ស៊ីនយីនថៃ ហើយលទ្ធផលតេស្តមានវិជ្ជមានវីរុសកូវីដ-១៩។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកជាបណ្តោះអាសន្នអាជីវកម្មសណ្ឋាគារ ស៊ីនយីនថៃ ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មី​ចូលទៅស្នាក់នៅ និងមិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារនេះ ចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមាន
សមត្ថកិច្ចនោះដែរ។

ទាក់ទិនបញ្ហានេះ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំទីតាំងសណ្ឋាគារ ស៊ីនយីនថៃនេះ ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកទាំងអស់ ដែលបម្រើការនៅក្នុងសណ្ឋាគារខាងលើនេះ ​ដើម្បីយកទៅធ្វើតេស្តរកវីរុសកូវីដ-១៩៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង