បុរសឆ្លងជំងឺកូវីដ-១៩ម្នាក់ ផ្ញើសារអំពាវនាវដល់ពលរដ្ឋរស់នៅតាមខេត្ត ដែលកើតមានជំងឺកូវីដ សូមកុំឲ្យចាកចេញពីទីតាំងកំពុងរស់នៅ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ..

ខេត្តព្រះសីហនុ៖ បុរសម្នាក់ ឆ្លងជំងឺកូវីដ-១៩ម្នាក់ បានបង្ហាញការសោកស្តាយ ដែលមិនបានអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានណែនាំ មិនឱ្យចល័តចេញចូលតំបន់ ដែលកំពុងរងការប្រឈមពីជំងឺកូវីដ-១៩។

បុរសរូបនេះ បញ្ជាក់ថា ដោយសារតែអាការៈក្នុងខ្លួនគាត់ មានភាពធម្មតា ទើបនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ រូបគាត់បានធ្វើការចាកចេញពីសណ្ឋគារ ស៊ីនយីនថៃ ជាកន្លែងធ្វើការរបស់ខ្លួន ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ស្រុកកំណើត នៅខេត្តកំពង់ចាម ដោយមិនបានដឹងខ្លួនថា បានឆ្លងមេរោគកូវីដ-១៩ នោះឡើយ។

បុរសដដែលនេះ បន្តថា បន្ទាប់ពីទៅដល់ស្រុកកំណើត រូបគាត់ត្រូវបានអាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញ បានចុះយកសំណាកធ្វើតេស្ត ហើយទទួលបានលទ្ធផលវិជ្ជមានវិរុសកូវីដ-១៩ ហើយត្រូវបានមន្ត្រីសុខាភិបាល នាំយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ដោយឡែក ក្រុមគ្រួសាររបស់គាត់ និងអ្នកភូមិ ដែលមានការពាក់ព័ន្ធ ក៏ត្រូវបានយកសំណាក និងតាមដានសុខភាព ដោយតម្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ហើយអាជ្ញារធរ បានបន្តស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍។

បុរសរូបនេះ បន្តថា ខ្លួនមានការស្តាយក្រោយជាខ្លាំងដែលធ្វើឱ្យក្រុមគ្រួសាររបស់គាត់ មានការលំបាក ដោយសាររូបគាត់។ ហើយថា ករណីនេះ បើសិនជាខ្លួនគាត់ មិនចាកចេញពីខេត្តព្រះសីហនុ ហើយបន្តស្នាក់នៅកន្លែងធ្វើការរបស់ខ្លួននោះ នឹងបាននាំជំងឺ មិននាំទុក្ខព្រួយ នាំឲ្យប៉ះពាល់ដល់ពុកម៉ែបងប្អូនរបស់គាត់ទេ។

បន្ថែមលើនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅតំបន់ រងផលប៉ះពាល់ ឬមានជំងឺកូវីដ-១៩ឆ្លងរាលដាលនោះ គឺសូមកុំចាកចេញពីទីរាំងនោះឲ្យសោះ ព្រោះគ្មានការចាំបាច់ណាសំខាន់ជាងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍ របស់យើងនោះទេ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង