រដ្ឋបាលខេត្តព្រះសីហនុ ​ដាក់ផ្ទះ​ជួលពីរកន្លែង​ក្នុង​សង្កាត់​៣ ​ជាមណ្ឌលធ្វើចត្តាឡីស័ក ព្រោះរកឃើញអ្នករស់នៅក្នុងទីតាំងទាំងនេះ ឆ្លងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់ លោក ហេង ចាន់ ជាម្ចាស់ផ្ទះមានបន្ទប់ជួល ​និង​លោក សុខ សាយ ជាម្ចាស់ផ្ទះវីឡា ​ស្ថិតនៅផ្លូវលេខ​១១៨A ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ស្តីពីការផ្អាកជាបណ្តោះអាសន្នការចេញ-ចូលផ្ទះជួល ​និងផ្ទះវីឡា ទាំងពីរទីតាំងខាងលើនេះ ត្រូវបានដាក់ជាមណ្ឌលធ្វើចត្តាឡីស័ក ព្រោះរកឃើញមានជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ-១៩។

ចំពោះការផ្អាកនេះ រដ្ឋបាលខេត្តព្រះសីហនុ ​បញ្ជាក់ថា ដោយសារក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកសំណាកតេស្តពីភ្ញៀវ ដែលបានស្នាក់នៅផ្ទះវីឡា នៅជាប់ផ្ទះជួល​​​​នេះ ដោយលទ្ធផលតេស្តមានវិជ្ជមានវីរុសកូវីដ-១៩។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកជាបណ្តោះអាសន្នការចេញ-ចូលផ្ទះជួល និងវីឡា ទាំងពីរទីតាំងខាងលើនេះ ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យមនុស្ស ដែលកំពុងស្នាក់នៅក្នុងផ្ទះជួល និងវីឡាទាំងពីរទីតាំងខាងលើនេះ ចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ចំពោះករណីនេះ ក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទីតាំងទាំងពីរនេះ ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ នឹងចុះទៅពិនិត្យយកសំណាកពីអ្នករស់នៅក្នុងផ្ទះជួល និងផ្ទះវីឡា​ទាំងអស់ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩៕ ​ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង