រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្តៅ​ទៅលើបុគ្គល​ ដែល​ល្មើស​បំរាមឬគេចពីការធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់វិធានការក្តៅតាមផ្លូវច្បាប់ ទៅលើបុគ្គលទាំងឡាយណា ដែលបានល្មើស​នឹងបំរាម របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនាពេលថ្មីៗនេះ ទាក់ទិនវិធានការ​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

ទាក់ទិនបញ្ហានេះ សមត្ថកិច្ចចម្រុះស្រុកកំពង់សីលា បានឲ្យដឹងថា នៅម៉ោង ១១ និង៥១នាទី យប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១​ មានករណីស្ត្រីជនជាតិចិនម្នាក់ បានលួចគេចចេញពីខេត្តព្រះសីហនុ ​ធ្វើដំណើរ​ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី ហើយក្រោយមក ​​ម្ចាស់រថយន្តតាក់ស៊ី ក៏បានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាក​លេខភ្នំពេញ 3C-3259។ ប៉ុន្តែសកម្មភាពល្មើសបំរាមខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យ នៅតាមគោលដៅព្រំប្រទល់​ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្ទាក់​ឃាត់ស្ត្រីជនជាតិចិនរូបនោះ នាំមកសាកសួរ​ រួចក៏​បានបញ្ជូនស្ត្រីចិនរូបនេះ ឲ្យត្រឡប់មកគោលដៅដើមវិញ ដើម្បីធ្វើចត្តាឡីស័ក​។ ដោយឡែកចំពោះ អ្នកបើកបររថយន្តដឹកទំនិញ, អ្នកបើករថយន្តតាក់ស៊ី និងអ្នកពាក់ព័ន្ធដ៏ទៃទៀត នឹងត្រូវអនុវត្តតាមវិធានការច្បាប់​ឲ្យបានធ្ងន់ធ្ងរបំផុត​។

ទាក់ទិន​បទល្មើសបំពានបំរាម​នេះ ជាវិធានការផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល នៃជំងឺកូវីដ-១៩គឺ៖

– ចំពោះស្ត្រីជនជាតិចិនរូបនេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់​មកវិញជារៀងរហូត។

– ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០រៀល (ដប់លាន) ​ទៅ ៥០.០០០.០០០រៀល (ហាសិបលាន)​ ចំពោះអ្នកផ្តើមគំនិត ដឹកនាំ​ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយ​សម្រួល​ដោយចេតនា ដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យ​​​លេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ អនុក្រឹត្យនេះត្រូវអនុវត្ត ចំពោះជនទាំងឡាយ ដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ​ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

ត្រង់ចំណុចនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ប្រយោជន៍ដើម្បីចូលរួម ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង