ចោរជនជាតិចិន ចូលគាស់ផ្ទះពលរដ្ឋខ្មែរ លួចយកលុយអស់រាប់ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ..
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញបានចុះបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០១នាក់ ពាក់ព័ន្ធករណី ចូលគាស់ផ្ទះពលរដ្ឋ លួចយកលុយ និងសម្ភារៈ មានទីតាំងនៅក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋខាងលើនេះ បានកើតឡើងនៅម៉ោង០២ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ដោយគាស់ថតតុ យកលុយអស់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក, លុយរៀលមួយចំនួន, ទូរសព្ទ័ដៃ០២គ្រឿង (ម៉ាក IPHONE 11PRO MAX ០១គ្រឿង និងម៉ាក IPHONE 7PLUS ០១គ្រឿង)។
សមត្ថកិច្ចបន្តថា ជនសង្ស័យរូបនេះឈ្មោះ Long LiLing ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន(គ្មាន) មានស្រុកកំណើតនៅខេត្ត គ័ងចូវ នៃប្រទេសចិន មុខរបរមិនពិតប្រាកដ និងស្នាក់នៅមិនពិតប្រាកដ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ម៉ាកIPHONE 11PRO MAX ពណ៌ស្លែ, ម៉ាកIPHONE 7PLUS ពណ៌ផ្កាឈូក និងម៉ាក HUAWEI), លុយដុល្លារចំនួន ៩០០$, លុយរៀលចំនួន ២,៥៧០,០០០៛, កាតវីងចំនួន ០៧សន្លឹក, ប័ណ្ណបើកបរ ០១សន្លឹក, កាបូបដៃពណ៌ខ្មៅចំនួន ០១ និងកាបូបស្ពាយពណ៌ខ្មៅចំនួន០១។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចជំនាញ បានករសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

