រដ្ឋបាលខេត្តកណ្តាល បិទកាស៊ីណូនិងទីប្រជុំជនជ្រៃធំ មិនឲ្យឆ្លងកាត់ចេញ-ចូល ក្រោយរកឃើញជនបរទេស​៥នាក់ ឆ្លងជំងឺកូវីដ-១៩​

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានប្រកាសបិទកាស៊ីណូ និងបិទការធ្វើដំណើរចេញ-ចូល នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតក្នុងឃុំ​សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ក្រោយមន្ត្រីសុខាភិបាល បានរកឃើញជនបរទេសចំនួន ០៥នាក់ មានវិជ្ជមានមេរោគកូវីដ-១៩។

​សេចក្តីជូនដំណឹង មានចុះហត្ថលេខា លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបិទ​កាស៊ីណូ និងបិទការធ្វើដំណើរចេញ-ចូល នៅតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន ​ ក្រោយពេល​មន្ត្រីសុខាភិបាល បានរកឃើញ​ជនបរទេស ចំនួន៥នាក់ ​បានឆ្លងជំងឺកូវីដ-១៩ នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្តាលដដែល បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ឆ្លងចូលទៅក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ បានចេញសេចក្តីណែនាំចំនួន០៤ចំណុចសំខាន់ៗដូចខាងក្រោម៖

១- បិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូព្រីន កាស៊ីណូក្រោន
កាស៊ីណូហ្ក្រេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន។

២- បិទជាបណ្តោះអាសន្ន មិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន
ស្រុកកោះធំ។

៣- ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តសំណាក
ឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។

៤- ត្រូវយកចិត្តទុកដាក់ខ្ពស់ ណែនាំបន្ថែមលើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩
ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕ ដោយ៖ សក្កដា

អត្ថបទដែលជាប់ទាក់ទង