លោកឧកញ៉ា ទៀ វិចិត្រ​ បន្តនាំយកម្ហូបអាហារនិងភេសជ្ជៈ ​ឧបត្ថម្ភដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្តព្រះសីហនុ សរុបមានចំនួនជាង១ពាន់នាក់

ខេត្តព្រះសីហនុ៖ ដូចការគ្រោងទុក នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១នេះ គឺជាលើកទី៣ហើយ ដែល លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C,Speed Boat Cambodia) និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ យកទៅឧបត្ថម្ភដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្តព្រះសីហនុទាំងអស់ ​ដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក, កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ​ក្នុង​ក្រុងព្រះសីហនុ សរុបមានចំនួនជាង ១០០០នាក់។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងភេសជ្ជចម្រុះជាច្រើនមុន ព្រមទាំងថវិកាចំនួន ០៤លានរៀល យកទៅផ្តល់ជូនកងកម្លាំងមានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ដែលកំពុងប្រចាំការត្រួតពិនិត្យបំរាម ហាមធ្វើដំណើរចាកចេញ ឬចូល ខេត្តព្រះសីហនុជាបន្តទៀត។

នាឱកាសនោះ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា ទៀ វិចិត្រ ​ដែលជានិច្ចជាកាលតែងបាននាំយក ម្ហូបអាហារ​ និងភេសជ្ជៈផ្សេងៗ យកទៅផ្តល់ជូនកងកម្លាំង​ ដែលប្រចាំការ នៅតាមគោលដៅត្រួតពិនិត្យ ការធ្វើចរាចរណ៍ចេញចូល ​ខេត្តព្រះសីហនុ នៅក្នុងដំណាក់កាលបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាឱកាសនេះ។

លោកបន្តថា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ដែលលោកឧកញ៉ា ទៀ វិចិត្រ បាននាំយកមកផ្តល់ជូនកម្លាំងសមត្ថកិច្ចប្រចាំការត្រួតពិនិត្យ និងអនុវត្តបំរាម ហាមធ្វើដំណើរចេញ-ចូល ខេត្តព្រះសីហនុ ​នៅគោលដៅរង្វង់មូលអូរត្រេះ​ នាថ្ងៃទី០៩ ខែមីនានេះ មានដូចជា៖ ទឹកសុទ្ធចំនួន​៣០កេស​, ទឹកក្រូច​១០កេស, មី១០កេស​, ត្រីក១០យួរ​, កាហ្វេ១០កញ្ចប់​ និងថវិកា ០៤លានរៀល៕

អត្ថបទដែលជាប់ទាក់ទង