លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនកម្លាំងចម្រុះ៤គោលដៅប្រចាំការត្រួតពិនិត្យ ពលរដ្ឋចេញ-ចូលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ បន្ទាប់ពីគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ សម្រេចបិទផ្លូវចេញ-ចូលខេត្តព្រះសីហនុ ជាបណ្តោះអាសន្នរួចមក គឺមានគោលដៅចំនួន៤ ក្នុងមូលដ្ឋាននេះ ត្រូវបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីពង្រឹងការត្រួតពិនិត្យ ការធ្វើដំណើរចល័តចេញចូលខេត្តព្រះសីហនុ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ដោយឃើញការនឿយហត់ របស់កងកម្លាំងចម្រុះ ប្រចាំការ នៅគោលដៅទាំង៤នេះទើប លោក ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) បាននាំយកម្ហូបអាហារ, ភេសជ្ជៈជាច្រើនមុន និងថវិកាមួយចំនួន ចែកជូនដល់កងកម្លាំងទាំងនោះ ជាការលើកទឹកចិត្ត ដែលបានខិតខំបំពេញភារកិច្ច ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

គ្រឿងឧបភោគបរិភោគ ដែលក្រុមការងារ លោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅចែកជូនដល់ កងកម្លាំងប្រចាំការតាមគោលដៅទាំង៤ គឺក្នុងមួយគោលដៅៗ ទទួលបាន៖ ទឹកបរិសុទ្ធចំនួន ៣០កេស​, ទឹកក្រូច​ ១០កេស​, មី ១០កេស, ត្រីខ ១០យួរ​, កាហ្វេ ១០កញ្ចប់​ធំ​ និងថវិកា៤លានរៀល។

ព្រមជាមួយគ្នានេះ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកចំនួន៣ គឺស្រុកស្ទឹងហាវ, ស្រុកព្រៃនប់ និងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស របស់ លោក ទៀ វិចិត្រ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងប្រចាំការនៅតាមគោលដៅទាំង៤ខាងលើនេះ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង