សមត្ថកិច្ចឃាត់ខ្លួន អ្នកបើក​តាក់ស៊ី​​​ដឹកស្រ្តីជនជាតិចិនម្នាក់ ចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅភ្នំពេញនោះបានហើយ!

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញ​បានឃាត់ខ្លួន អ្នកបើកបររថយន្តតាក់ស៊ី​ម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ2BD-7028 ដែល​ដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញនោះបានហើយ។

សមត្ថកិច្ចបន្តថា តាមចម្លើយសារភាព របស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បញ្ជាក់ថា នៅម៉ៅង ១០យប់ ថ្ងៃទី០៨ ខែមីនា​ រូបគាត់​បានដឹកស្រ្តីជនជាតិចិនម្នាក់ ចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ក្នុងតម្លៃ ៣០០ដុល្លាអាមេរិក ដោយរថយន្តបានបន្តដំណើរតាមផ្លូវជាតិលេខ៤ មកដល់គីឡូម៉ែត្រ១៥១-១៥២ ក៏បានបើកជែងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះ​ឲ្យឈប់ ដើម្បីឱ្យស្ត្រីជនជាតិចិនរូបនោះ​បន្លំគេចពីគោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ចចម្រុះ នៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច។

ចំពោះការផ្ទេរស្ត្រីជនជាតិចិន ឲ្យឡើងជិះរថយន្តដឹកទំនិញខាងលើនេះ អ្នកបើកបររថយន្តតាក់ស៊ី បានសន្យាឱ្យលុយមួយចំនួន ទៅអ្នកបើករថយន្តដឹកទំនិញចាយខ្លះ រួចក៏​បន្លំបើករថយន្តរបស់ខ្លួន គេចទៅរង់ចាំទទួលស្រ្តីជនជាតិចិនខាងលើនេះ នៅខាងមុខគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ដើម្បីទទួលដឹកស្ត្រីជនជាតិចិនរូបនេះ បន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

អ្នកបើករថយន្តតាក់ស៊ី បន្តថា ដោយសារតែរូបគាត់ រង់ចាំអ្នកបើករថយន្តដឹកទំនិញខាងលើយូរពេក ទើបរូបគាត់ ក៏បានទូរស័ព្ទទាក់ទងទៅម្ចាស់រថយន្តដឹកទំនិញ ទើបដឹងថា ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន ហើយរូបគេក៏មានការភិតភ័យ រួចក៏បើករថយន្តចោលស្ត្រីជនជាតិចិនរូបនោះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញតែម្តង។

ចំពោះករណីខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ​បញ្ជាក់ថា ​ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ឲ្យមានប្រសិទ្ធភាព៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង