ឃាត់រថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿង ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកំពត បន្លំដឹកស្ត្រីធ្វើការនៅកាស៊ីណូម្នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី​០៩ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៍០១គ្រឿង បើកបរក្នុងគោលដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកំពត បានបន្លំដឹកស្ត្រីអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ត្រង់ចំណុចស្ពានត្រពាំងរពៅ ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ឃាត់នាំមកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿង ដើម្បីចាត់ការតាមវិធានការច្បាប់។

របាយការណ៍របស់សមត្ថកិច្ចស្រុកព្រៃនប់ ផ្សព្វផ្សាយនៅថ្ងៃទី​១០ ខែមីនា​ ឆ្នាំ២០២១ បញ្ជាក់មនុស្សទាំង០២នាក់ខាងលើ មានឈ្មោះ ទៀង ផាន់នី ភេទប្រុស អាយុ ៣៩ឆ្នាំ បើកបររថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជឿនលឿន ពាក់ស្លាកលេខ ភ្នំពេញ 3A-9421 ដឹកស៊ីម៉ង់ត៍ របស់ ក្រុមហ៊ុនខេស៊ីមែន មានគោលដៅចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកំពត ដោយបានបន្លំដឹកអ្នកដំណើរម្នាក់(ខ្មែរ) ជាបុគ្គលិកបំរើការងារនៅកាស៊ីណូមួយកន្លែង ក្នុងក្រុងព្រះសីហនុ ប៉ុន្តែមកដល់គោលដៅត្រួតពិនិត្យ ក៏ត្រូវបានសមត្ថកិច្ចត្រួតពិនិត្យឃើញក៏ឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន រថយន្ដខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

រដ្ឋបាលខេត្តព្រះសីហនុ បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង