សមត្ថកិច្ចស្រុកកំពង់សិលា ឃាត់រថយន្តតាក់ស៊ី៣គ្រឿង បើកចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ដោយបើកគេចពីគោលដៅត្រួតពិនិត្យ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានករណីរថយន្តតាក់ស៊ីចំនួន ០៣គ្រឿង បើកបរក្នុងទិសដៅ ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ហើយបានបើកគេចចេញពីគោលដៅ របស់សមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន ប៉ុន្តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សិលា ស្ទាក់ឃាត់យកមកសួរនាំ។

សមត្ថកិច្ចបន្តថា អ្នករថយន្តតាក់ស៊ីទាំង ០៣គ្រឿង រួមមាន៖

១-ឈ្មោះ កុច វ៉ាន់ណាក់ ភេទប្រុស អាយុ ២៧ឆ្នាំ បើកបររថយន្ដម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF -6375 ទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ មានដឹកមនុស្ស០១នាក់ ភេទប្រុស ជនជាតិខ្មែរ និងឥវ៉ាន់មានគ្រឿងសមុទ្រ ៦កេះ។ បានបើកបរវាងតាមផ្លូវល្បឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។

២- ឈ្មោះ ចាន់ គឹមហ៊ាន ភេទប្រុស អាយុ ៣៨ឆ្នាំ បើកបររថយន្ដស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC -8943 ដឹកមនុស្សចំនួន ០៣នាក់ ស្រី០១នាក់ ប្រុស០២នាក់ ជនជាតិខ្មែរ និងឥវ៉ាន់មាន អង្ករកន្លះបាវ ប្រហុកដាក់ថង់ខ្មៅមួយកញ្ចប់។ បុរសរូបនេះ បានបើករថយន្តរបស់ខ្លួន វាងតាមផ្លូវល្បឿន ប៉ុន្តែត្រូវបាន សមត្ថកិច្ចឃើញក៏ស្ទាក់ឃាត់ ហើយអ្នករួមដំណើរជាមួយ ត្រូវសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។

៣- ឈ្មោះ ហួត សុផារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ បើកបររថយន្ដម៉ាកហាយលេនដឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2002 មានទិសដៅ ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយដឹកមនុស្ស ០២នាក់ប្ដីប្រពន្ធ ជនជាតិខ្មែរ និងឥវ៉ាន់មាន ឆ្នាំងបាយអគ្គិសនី ០២គ្រឿង និងទូរទស្សន៍ ០១គ្រឿង។ បុរស់រូបនេះ ក៏បានបើករថយន្តរបស់ខ្លួន វាងតាមផ្លូវល្បឿនលឿន ប៉ុន្តែត្រូវសមត្ថកិច្ច ឃើញទាន់ រួចក៏ចុះស្ទាក់ឃាត់តែម្ដង។ រីឯអ្នករួមដំណើរ ត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។

បច្ចុប្បន្ន រថយន្ដទាំង០៣ខាងលើ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សិលា ដើម្បកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

ចំពោះករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង