កាកបាទក្រហមខេត្តព្រះសីហនុ ផ្តល់អង្ករ៣ពាន់គីឡូ ជូនអង្គការម្លប់តាប៉ាង..

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហម ជូនដល់អង្គការម្លប់តាប៉ាង ស្ថិតក្នុងក្រុង-ខេត្តព្រះសីហនុ។

ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកស្រី ប្រាក់ ចន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា និងលោក គាំ សុខុម នាយកសាខា ព្រមទាំងមន្រ្តីសាខាផងដែរ។

នាឱកាសនោះ លោកស្រី ប្រាក់ ចន្ទសុខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកក្រៃលែងពីសំណាក់ លោកប្រធានគណៈកម្មាធិសាខា លោកប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ជួបទុក្ខលំបាក ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះ លោកស្រី ក៏ណែនាំថល់ លោកគ្រូ អ្នកគ្រូ កុមារទាំងអស់ ឲ្យចូលរួមកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍, លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន, ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហ្សែល។ ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា ជំនួយមនុស្សធម៌ ដែលផ្តល់ជូនអង្គការម្លប់តាប៉ាង នាឱកាសនេះមាន អង្ករចំនួន ៣,០០០គីឡូក្រាម៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង