អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបរិច្ចាគថវិកា ៣លានដុល្លារអាមេរិក ជូនរដ្ឋាភិបាលកម្ពុជា តាមរយ:សម្ដេច ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺ covid 19
រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប មានប្រសាសន៍ថា “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិ មានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះ ទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជា ស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទី របស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ។ ពេលនេះមិនមែនជាពេល បន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា”។ អ្នកឧកញ៉ា បន្តថា “ខ្ញុំ មិនមែនជាអ្នកមានលុយច្រើននោះទេ តែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិ របស់យើង”។
ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្មីៗនេះ ក៏ធ្លាប់បានបរិច្ចាគទឹកប្រាក់ចំនួន ០១លានដុល្លារអាមេរិក ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ការពារកូវីដ-១៩ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ លោកឧកញ៉ាវ័យក្មេងរូបនេះ ក៏ធ្លាប់បានបរិច្ចាគថវិកាចំនួន ៦០ម៉ឺនដុល្លារអាមេរិក និងអង្ករ ៥០តោន ចូលរួមជាមួយសម្ដេចតេជោ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ផងដែរ។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១១៦៣នាក់។ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៥៦៥នាក់។ ដោយឡែកចំពោះ “ព្រឹត្តិការណ៍២០កុម្ភៈ” មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៦៥២នាក់៕

