សមត្ថកិច្ចស្រុកកំពង់សិលា ឃាត់អ្នកបើកបររថយន្ត​២នាក់ ដែលមានបំណងបើកគេចគោលដៅត្រួតពិនិត្យ ឆ្លងកាត់ព្រំប្រទល់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តចំនួន ០២គ្រឿង ក្នុងនោះ ០១គ្រឿងជារថយន្តដឹកទំនិញ និង០១គ្រឿងទៀត ជារថយន្តតាក់ស៊ី បើកបរទិសដៅ ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយ​បើកវាងទៅតាមផ្លូវល្បឿនលឿន ក្នុងបំណងគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ប៉ុន្តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សិលា ឃាត់យកសួរនាំ។

សមត្ថកិច្ច​ បញ្ជាក់ថា អ្នកបើកបររថយន្តទាំង ០២គឿង ខាងលើរួមមាន៖

១- ឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ បើកបររថយន្តដឹកទំនិញ ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1571 បើកបរមានទិសដៅ ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះបើកមកដល់ចំណុចចំការដូងប្រេង ក៏ត្រូវបានបុរស ០៣នាក់ ជាជនជាតិខ្មែរ ឃាត់រថយន្តជិះ ដោយសារម៉ូតូរបស់ពួកគេ បែកកង់ជិះមិនកើត រួមក៏បន្តដំណើរទៅមុខទៀត តាមបណ្ដោយផ្លូវជាតិលេខ៤។ ពេលរថយន្តធ្វើដំណើរមកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក រថយន្តដឹកទំនិញនោះ ក៏បានបើកបរវាងតាមផ្លូវល្បឿនលឿន ហើយត្រូវបានសមត្ថកិច្ច ស្ទាក់ឃាត់ទុក ដើម្បីធ្វើការសួរនាំ។ ចំណែក ​អ្នករួមដំណើរ ​សមត្ថកិច្ច បានឱ្យត្រឡប់ថយក្រោយវិញ។

២- ឈ្មោះ សាម ស្រ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ បើកបររថយន្ត ០១គ្រឿង ម៉ាក High Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7577 បើកបរ ក្នុងទិសដៅចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយដឹកអ្នកដំណើរចំនួន ០៣នាក់ (ប្រុស) ជាជនជាតិខ្មែរ។ លុះរថយន្តបើកមកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក សមត្ថកិច្ច ក៏បានឃាត់រថយន្តនេះ ​ឱ្យត្រឡប់ក្រោយវិញ ហើយពេលនោះ អ្នកបើកបររថយន្តតាក់ស៊ីរូបនេះ ក៏បានដាក់អ្នកដំណើរចុះ ហើយបានបន្តដំណើរបើករថយន្តតែម្នាក់ឯង ក្នុងគោលបំណងជិះវាងតាមផ្លូវល្បឿនលឿនឆ្ពោះទៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ច ឃើញ ក៏ស្ទាក់ចាប់ទាំងរថយន្ត និងអ្នកបើកបរ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីសាកសួរបន្ត។

សមត្ថកិច្ចស្រុកកំពង់សិលា​ បញ្ជាក់ថា បច្ចុប្បន្ននេះ ​រថយន្ដទាំង ០២គ្រឿងខាងលើ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

ចំពោះករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានព្រមានថា ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានតឹងរឹងបំផុត និងគ្មានការលើកលែងឲ្យឡើយ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ​ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ឲ្យបានទាំងអស់គ្នា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង