សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា កាល​ពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ២០២១ វេលាម៉ោង១៤​ និង២២​នាទី ​ប្រជាពលរដ្ឋ​ បានរាយការណ៍មកកម្លាំងជំនាញថា ​នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ​​មានករណីរជួញដូរ​ និងប្រើប្រាស់គ្រឿនញៀនខុសច្បាប់។

សមត្ថកិចបន្តថា បន្ទាប់ពីទទួលបានព័ត៌នេះរួច កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍អធិការដ្ឋាន​នគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់រលាប និង​លោកមេភូមិ​ ដោយ​ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ី សុខុម ​អធិការរងនគរបាលក្រុងពោធិ៍សាត់ បានចុះទៅទីតាំងកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ផែង ចាន់ ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ (ជាម្ចាស់ផ្ទះ)។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់បានរួមមាន៖

– ម្សៅពណ៏សថ្លា មេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន១៩កញ្ចប់ មានទំងន់ ៨.៩៩ក្រាម ថ្លឹងទាំងសំបកថង់

– ថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន

– លុយខ្មែរក្រដាស់១០០៛ ចំនួន ១៧សន្លឹក

– ឧបករណ៍ជក់ថ្នាំញៀនមួយកំប្លេ

– កាំបិតកែច្នៃចំនួន ០១ដើម

– ទូរស័ព្ទដៃចំនួន ០៣គ្រឿង​។

សមត្ថកិច្ចបន្តថា ​បន្ទាប់ពីធ្វើការសាកសួរនិងស្ដាប់ចម្លើយ របស់ជនសង្ស័យ​រួច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំ​ញៀនពីឈ្មោះ នាង សាលី ភេទស្រី អាយុ​៤១ឆ្នាំ មុខរបរ​លក់ដូរ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញ ក៏បានចាត់នីតិវិធីបន្ត ដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំ​ចុះទៅលំនៅដ្ឋាន របស់ឈ្មោះ នាង សាលី នៅម៉ោង ១៥ និង​២៥នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើការត្រួតពិនិត្យឆែកឆេរ​។​ ក្នុងកិច្ចប្រត្តិបត្តិការឆែកឆេរត្រួតពិនិត្យខាងលើ សមត្ថកិច្ច រកពុំឃើញអ្វីដែលពាក់ព័ន្ទជាមួយបទល្មើសនោះទេ​។

​បច្ចុប្បន្ននេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ​ទាំង០២នាក់ រួមជាមួយវត្ថុតាងនាំយកទៅអធិការដ្ឋាននគរបាលក្រុង
ពោធិ៍សាត់ តាមបញ្ជា របស់លោកកូយ កាន់យ៉ា​​ ដើម្បីកសាងនីតិវិធីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ សំពៅមាស

អត្ថបទដែលជាប់ទាក់ទង