តារាកំប្លែងស្រីក្នុងក្រុមនាយ ពែក មី គឺអ្នកនាង ​អ៊ីត ត្រូវមន្ត្រីសុខាភិបាលបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ-១៩​!

រាជធានីភ្នំពេញ៖ អ្នកនាង សេន ចិន្តា ហៅអ្នកនាង អ៊ីត ​អាយុ៣៩ឆ្នាំ ដែលមហាជនទូទៅស្គាល់ថា ជាតារាកំប្លែងល្បីមួយរូប របស់ស្ថានីយទូរទស្សន៍ CTN ក្នុងក្រុមកំប្លែងនាយ ពែក មី ​បានឲ្យដឹងថា រូបនាងបានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានមន្ត្រីសុខាភិបាល បានយករថយន្តមកយករូបនាងទៅកាន់កន្លែងព្យាបាលកាលពីយប់មិញ។

អ្នកនាង អ៊ីត បានប្រព័ន្ធផ្សព្វផ្សាយដឹងថា រូបនាងពិតជាបានឆ្លងជំងឺកូវីដ-១៩ពិតប្រាកដមែន ហើយបច្ចុប្បន្ននេះ កំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) រាជធានីភ្នំពេញ។​

អ្នកនាង អ៊ីត បានឲ្យដឹងថា រូបនាង ត្រូវបានក្រុមគ្រូពេទ្យយករថយន្តទៅដឹក​ពីផ្ទះ​របស់នាង ​នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ក្បែរវត្តទួលសន្តិវ័ន ហៅក្បែរវត្តទួល ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រោយពេលរូបនាង ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ អ្នកនាង អ៊ីត បញ្ជាក់ថា រូបនាងបានប៉ះពាល់ដោយប្រយោល ជាមួយ​តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត។

​​ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា សិល្បៈករសិល្បៈការិនីល្បីៗមួយចំនួន ប្រចាំផលិតកម្មហង្សមាស ត្រូវមន្ត្រីសុខាភិបាល យកសំណាកទៅធ្វើតេស្តដោយបានរកឃើញតារាមួយចំនួន មានវិជ្ជមានកូវីដ-១៩។ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ គឺមាន លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត,​ អ្នកនាង សុគន្ធ នីសា, និង លោក Eco Vak Song ដែលជា​ផលិតករ និងជាអ្នកដឹកនាំម្នាក់ របស់ផលិតកម្មហង្សមាស, អ្នកនិពន្ធនិងដឹកនាំថតចម្រៀងលោក វ៉ែន វណ្ណា ហើយជាក់ស្តែងពេលនេះ គឺតារាកំប្លែង អ្នកនាង អ៊ីត៕ ​

ប្រភព៖ Fresh News

អត្ថបទដែលជាប់ទាក់ទង