​បច្ចុប្បន្នភាព​ ក្រុងព្រះសីហនុ ក្នុងអំឡុងពេលជំងឹកូវីដ-១៩ រាតត្បាត គឺមានសភាពស្ងាត់ជ្រងំ

ខេត្តព្រះសីហនុ៖ តបតាមការអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាអាចយោងទៅតាមតួលេខ នៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ គេសង្កេតឃើញថា នៅតាមទីតាំងលក់ដូរចំណីអាហារ សណ្ឋាគារ កាស៊ីណូ អាជីវករលក់ដូរនៅតាមទីតាំងផ្សេងៗ និងនៅតាមផ្លូវសាធារណៈស្ទើរតែទាំងអស់ ស្ថិតក្នុងក្រុងព្រះសីហនុ មានសភាពភាពស្ងាត់ជ្រងំ ដោយមិនសូវមានឃើញមនុស្ស ក៏ដូចជាយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍នោះទេ។

សភាពស្ងាតជ្រងំនេះ មួយផ្នែកអាចដោយសារតែប្រជាពលរដ្ឋ រស់នៅក្នុងក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ មានការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩នេះដល់ក្រុមគ្រួសារ និងម្យ៉ាងទៀត គឺជាការចូលរួម របស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍​ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ​។

ជាក់ស្តែងបច្ចុប្បន្នភាពនៅក្នុងក្រុងព្រះសីហនុ គេសង្កេតឃើញថា ទីតាំងបើកធ្វើអាជីវករកម្មមួយចំនួន​រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន ហាងកាហ្វេ ហាងផឹកស៊ីផ្សេងៗ ទីតាំងលក់ទំនិញ និងទីតាំងនៅលក់ដូរម្ហូបអាហារជាច្រើនទៀត នៅតាមឆ្នេរអូរឈើទាល គឺត្រូវបានម្ចាស់ទីតាំងទាំងនោះ បានបិទទ្វារ​ដោយខ្លួនឯងស្ទើរទាំងស្រុង។ ក្រៅពីនេះ ចំពោះទីតាំងដែលមន្ត្រីសុខាភិបាល ​រកឃើញមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក៏ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសម្ចាស់ទីតាំងទាំងនោះ ផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្ន និងដាក់ទីតាំងទាំងនោះជាកន្លែងធ្វើចត្តាឡីស័កជាដើម។

យ៉ាងណាក៏ដោយចុះ គិតមកត្រឹមថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ​២០២១ គឺមានទីតាំងសណ្ឋាគារ និងកាស៊ីណូមួយចំនួន ត្រូវបានអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយពេលរដ្ឋបាលខេត្តនេះ បានដាក់ជាមណ្ឌលធ្វើចត្តាឡីស័ក ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

​ដោយឡែក ចំពោះ​ទីតាំងលក់ដូរទំនិញ និងហាងលក់ដូរម្ហូបអាហារជាច្រើនទីតាំងទៀត ក្នុងក្រុងព្រះសីហនុ គឺ​មិនទាន់បើកដំណើរការនៅឡើយទេ ព្រោះបើបើក​ដំណើរការលក់ដូរឡើងវិញ ក៏មិនមានភ្ញៀវដែរ ព្រោះដោយសារពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ នៅបន្តរិតបន្តឹងការធ្វើដំណើរចេញចូលខេត្តព្រះសីហនុ ដោយមិនទាន់បានដកបំរាមនេះ ចេញនៅឡើយទេ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ។

​យោងតាមសេចក្តីជូនដឹង របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១​ បង្ហាញថា នៅថ្ងៃសៅរ៍នេះ ខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន​០១នាក់ និងមានអ្នកជាសះស្បើយចំនួន០២នាក់។ ក្នុងនោះអ្នកជំងឺកូវីដ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ​ សរុបមានចំនួន ១០៣នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១នេះ ​អ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា សរុបមានចំនួន ១២៦៤នាក់។ ក្នុងនោះស្ត្រី ៥៣៩ និងបុរស ៧២៥នាក់។ ចំណែកឯអ្នក​ជាសះស្បើយមានចំនួន ៦២៣នាក់។ ស្ត្រី ២៣៨នាក់ និងបុរសចំនួន ៣៨៥នាក់ និងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន​០១នាក់៕

អត្ថបទដែលជាប់ទាក់ទង