សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ នាំយកថ្នាំញៀនបង្កបក្នុងប្រអប់បាយ​ ទៅឲ្យអ្នកជាប់ធ្វើចត្តាឡីស័ក ក្នុងអគារឆាងឆឹង-កាស៊ីណូ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងជំនាញបានឃាត់ខ្លួននារីជនជាតិវៀតណាមម្នាក់ ដែលបានយកបាយមួយប្រអប់ ដោយនៅក្នុងប្រអប់បាយនោះ មានបង្កប់ នូវម្សៅសថ្លា ០១កញ្ចប់ ដែលសមត្ថកិច្ចសង្ស័យថា ជាសារធាតុញៀន ដោយនាំយកទៅផ្តល់ជូននារីជនជាតិវៀតណាមម្នាក់ទៀត ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងអគារស្នាក់នៅឆាងឆឹង-កាស៊ីណូ។

សមត្ថកិច្ច បន្តថា ស្ត្រីជាជនសង្ស័យខាងលើនេះមាន ឈ្មោះ វិន គឹមហឹង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ ktv ៣៣៣ ស្នាក់នៅសណ្ឋាគារ ជិតតោពីរ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ដោយឡែកនារី ដែលជនសង្ស័យយកបាយមកជូននេះ មានឈ្មោះ NGUYEN THUY LINH ភេទស្រី កើតនៅថ្ងៃទី០២.០៩.១៩៩៨ ជនជាតិវៀតណាម ហើយបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក អគារស្នាក់នៅឆាងឆឹង-កាស៊ីណូ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង