ក្រសួងសុខាភិបាលថា៖ ការស្លាប់របស់បុរស​ខ្មែរអាយុ៦៩ឆ្នាំម្នាក់ នៅខេត្តព្រៃវែង គឺស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង មិនមែនដោយសារជំងឺកូវីដ-១៩ទេ

ខេត្តព្រៃវែង៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ បញ្ជាក់ថា ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ ៦៩ឆ្នាំ នៅខេត្តព្រៃវែង ក្នុងអំឡុងពេលកំពុងព្យាបាលជំងឺកូវីដ-១៩ គឺដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du Myocard)។​

សេចក្តីប្រកាសព័ត៌មាន របស់​ក្រសួងសុខាភិបាល ដោយយោងតាមការរាយការណ៍ពីមន្ទីរសុខាភិបាលខេត្តព្រៃវែង បញ្ជាក់ថា បុរសជនជាតិខ្មែរ អាយុ​៦៩ឆ្នាំម្នាក់ មានអាសយដ្ឋាននៅភូមិជ័យឧត្តមឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលមរណភាព នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃបេះដូង (Infarctus du myocard)។ ហើយថា បុរសខាងលើនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥ និង៣០នាទីល្ងាច ដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ-១៩​។

យ៉ាងណាក៏ដោយចុះ នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បញ្ជាក់ថា៖ “ការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យ បុរស វ័យ​៦៩ឆ្នាំ ខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du myocard) (មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ)”។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង