កម្លាំងចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យការធ្វើដំណើរចេញចេញខេត្តនេះ ទោះបីស្ថានភាពឆ្លងកូវីដ-១៩ ក្នុងខេត្តនេះបានធូរស្រាលបែបណាក្តី!

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បានបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យរាល់ការធ្វើដំណើរចេញ ឬចូលខេត្តព្រះសីហនុ នៅតាមព្រំប្រទល់ជាមួយខេត្តជិតខាង រួមមានខេត្តកំពង់ស្ពឺ និងខេត្តខេត្តកំពតជាដើម ប្រយោជន៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចប្រចាំការនៅតាមគោលដៅនីមួយៗ ជាពិសេសគោលដៅព្រំប្រទល់ស្រុកកំពង់សិលា និងគោលដៅស្រុកព្រៃនប់ ព្រំប្រទល់ខេត្តព្រះសីហនុ-ខេត្តកំពត គឺបានឃាត់ចាប់ប្រជាពលរដ្ឋមួយចំនួន ដែលលួចបន្លំឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ និងគេចវេសពីប៉ុស្តិ៍ត្រួតពិនិត្យធ្វើចត្តាឡីស័ក ដោយនាំអ្នកល្មើសបំរាមទាំងនោះ នាំយកទៅអនុវត្តវិធានការច្បាប់ជាច្រើនករណីផងដែរ។

ក្រុមសមត្ថកិច្ចចម្រុះប្រចាំការនៅតាមប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួន បានឲ្យគេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងថា មានប្រជាពលរដ្ឋ អ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញមួយចំនួនតូច នៅមិនទាន់ចូលរួមសហការជាមួយអាជ្ញាធរ នៅតាមគោលដៅត្រួតពិនិត្យនីមួយៗឲ្យបាន ១០០ភាគរយនៅឡើយទេ ដោយមានពលរដ្ឋមួយចំនួន នៅមានចេនាបើកបរយានជំនិះ របស់ពួកគាត់ ក្នុងបំណងគេចវេសពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ប៉ុន្តែត្រូវបានកម្លាំងប្រចាំការឃ្លាំមើល ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់គោលដៅនីមួយៗ បានឃាត់ខ្លួននាំមកសាកសួរ និងអនុវត្តតាមវិធានការច្បាប់ជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា មានករណីប្រជាពលរដ្ឋម្នាក់ បានជិះម៉ូតូ បម្រុងគេចវេសពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រង់ចំណុចស្ពានត្រពាំងរពៅ ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ស្រុកព្រៃនប់ ឃាត់ខ្លួន នាំយកមកសាកសួរ និងមានវិធានការច្បាប់។

ចំពោះករណីនេះ សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកម៉ូតូឈ្មោះ ភុល សារ៉ូ ភេទប្រុស ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-1335 ដែលបានជិះម៉ូតូគេចពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅចំណុចត្រពាំរពៅ តាមផ្លូវជាតិលេខ៣ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍ចំនួន ០១លានរៀល (១,០០០,០០០រៀល)។

ដោយឡែក កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះស្រុកកំពង់សិលា ក៏បានឃាត់អ្នកបើកបររថយន្ត ០២នាក់ ដែលមានបំណងបើកគេចគោលដៅត្រួតពិនិត្យ ឆ្លងកាត់ព្រំប្រទល់ខេត្តព្រះសីហនុ។ ក្នុងនោះ ០១គ្រឿង ជាប្រភេទរថយន្តដឹកទំនិញ និង០១គ្រឿងទៀត ជារថយន្តតាក់ស៊ី បើកបរក្នុងទិសដៅចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយបើកវាងទៅតាមផ្លូវល្បឿនលឿន ក្នុងបំណងគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ប៉ុន្តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សិលា ឃាត់នាំយកសាកសួរ និងឈានទៅមានវិធានការច្បាប់។

សមត្ថកិច្ច បញ្ជាក់ថា ចំពោះអ្នកបើកបររថយន្តទាំង ០២គឿងខាងលើមាន៖ ឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ បើកបររថយន្តដឹកទំនិញ ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1571 បើកបរមានទិសដៅ ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។

រីឯអ្នកបើកបរម្នាក់ទៀត ឈ្មោះ សាម ស្រ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ បើកបររថយន្ត ០១គ្រឿង ម៉ាក High Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7577 បើកបរ ក្នុងទិសដៅចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ហើយបានជិះគេចតាមផ្លូវល្បឿនលឿន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ច ឃើញទាន់ ក៏ស្ទាក់ចាប់ទាំងរថយន្ត និងអ្នកបើកបរ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីសាកសួរ និងមានវិធានការច្បាប់។

សមត្ថកិច្ចស្រុកកំពង់សិលា បញ្ជាក់ថា ទាំងអ្នកបើកបរ និងរថយន្ដទាំង ០២គ្រឿងខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា និងបាន ចាត់ការតាមវិធានការច្បាប់។

ចំណែក កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្រាវជ្រាវ និងបានឃាត់ខ្លួន អ្នកបើកបររថយន្តតាក់ស៊ី០១គ្រឿង ម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ2BD-7028 ដែលដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក្នុងបំណងធ្វើដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា តាមចម្លើយសារភាព របស់អ្នកបើកបររថយន្តតាក់ស៊ីរូបនេះ បញ្ជាក់ថា នៅម៉ៅង ១០យប់ ថ្ងៃទី០៨ ខែមីនា រូបគាត់បានដឹកស្រ្តីជនជាតិចិនម្នាក់ ចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ក្នុងតម្លៃ ៣០០ដុល្លាអាមេរិក ដោយបានបើកតាមផ្លូវជាតិលេខ៤ លុះមកដល់គីឡូម៉ែត្រ១៥១-១៥២ ក៏បានឃាត់រថយន្តដឹកទំនិញ០១គ្រឿងឲ្យឈប់ ដើម្បីផ្ទេរឱ្យស្ត្រីជនជាតិចិនរូបខាងលើ ឡើងជិះរថយន្តដឹកទំនិញនោះ ដើម្បីបន្លំគេចពីគោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ចចម្រុះ នៅព្រំប្រទល់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំពោះការផ្ទេរស្ត្រីជនជាតិចិន ឲ្យឡើងជិះរថយន្តដឹកទំនិញខាងលើនេះ អ្នកបើកបររថយន្តតាក់ស៊ីរូបនេះ បានសន្យាឱ្យលុយមួយចំនួន ទៅអ្នកបើករថយន្តដឹកទំនិញ រួចខ្លួន ក៏បន្លំបើករថយន្តរបស់ខ្លួន គេចទៅរង់ចាំទទួលស្ត្រីជនជាតិចិននេះ នៅខាងមុខគោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ច ដើម្បីចាំទទួលដឹកស្ត្រីជនជាតិចិនខាងលើនេះ បន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញទៀត។ ហើយដោយរង់ចាំអ្នកបើករថយន្តដឹកទំនិញខាងលើយូរពេក ទើបរូបគាត់បានទូរស័ព្ទទាក់ទងទៅម្ចាស់រថយន្តដឹកទំនិញ ទើបដឹងថា ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយរូបគេក៏មានការភិតភ័យ រួចក៏បើករថយន្តចោលស្ត្រីជនជាតិចិនរូបនោះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញតែម្តង ប៉ុន្តែក្រោយមក ក៏ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ស្រាវជ្រាវ និងឃាត់ខ្លួនបានគាត់បាន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នាំយកមកអនុវត្តច្បាប់។

ចំពោះបទល្មើសបំពានបំរាមខាងលើនេះ ជាវិធានការផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩គឺ៖

– ចំពោះស្ត្រីជនជាតិចិនរូបនេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់មកវិញជារៀងរហូត។

– ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០រៀល (ដប់លាន) ទៅ ៥០.០០០.០០០រៀល (ហាសិបលាន) ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គល ដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ អនុក្រឹត្យនេះត្រូវអនុវត្ត ចំពោះជនទាំងឡាយ ដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

ត្រង់ចំណុចនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ប្រយោជន៍ដើម្បីចូលរួម ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

យ៉ាងណាក៏ដោយចុះ គិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអនុញ្ញាតឲ្យម្ចាស់សណ្ឋាគារ និងកាស៊ីណូ ព្រមទាំងទីតាំងជាច្រើនទៀត ដែលកន្លងមកមានជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩ អាចបើកធ្វើអាជីវកម្ម របស់ខ្លួនឡើងវិញជាបណ្តើរៗរួចហើយមានដូចជា៖ សណ្ឋាគារ Crowne Plaza, សណ្ឋាគារ-កាស៊ីណូជីនប៉ី២, សណ្ឋាគារ-កាស៊ីណូជីនប៉ី៣ និងផ្ទះស្នាក់នៅរួម របស់បុគ្គលិកក្រុមហ៊ុនជីនប៉ីជាដើម ប៉ុន្តែតម្រូវឲ្យម្ចាស់ទីតាំងទាំងនោះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៖ «៣ការពារ និង៣កុំ» ព្រមទាំងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានផ្ញើសារជាសំឡេងបន្ទាន់មួយ ជម្រាបជូនថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ត្រូវទប់ស្កាត់សកម្មភាពធ្វើដំណើរចល័ត របស់ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ចេញទៅកាន់រាជធានី-បណ្តាខេត្តផ្សេងៗ ប្រយោជន៍ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសហគមន៍ធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី នៅទូទាំងប្រទេសចំនួន ៤១នាក់ និងមានអ្នកជាសះស្បើយចំនួន ២៤នាក់។ ក្នុងនោះនៅខេត្តព្រះសីហនុ មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ និងមានអ្នកជាសះស្បើយចំនួន ១៣នាក់។ រីឯអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន ៩០នាក់៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង