កម្លាំងចម្រុះស្រុកព្រៃនប់ ឃាត់រថយន្ត២គ្រឿង បើកគេចវេសប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅចំណុចត្រពាំងរពៅ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កម្លាំងចម្រុះបានឃាត់រថយន្ត ០២គ្រឿង ដែលបើកគេចវេសប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ត្រង់ចំណុចត្រពាំងរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចស្រុកព្រៃនប់បង្ហាញថា អ្នកបើកបររថយន្តទាំង ០២មានឈ្មោះ សាធ វាចា ភេទប្រុស បើកបររថយន្តដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខភ្នំពេញ 3B-7264 និងឈ្មោះ ភិន ភ័ក្រ ភេទប្រុស បើកបររថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AE-5252 ។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០រៀល (មួយលាន) ទៅ ៥.០០០.០០០រៀល (ប្រាំលាន) ចំពោះបុគ្គលដែលគេចវេសពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ ហើយថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង៕

អត្ថបទដែលជាប់ទាក់ទង