សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៣នាក់ នាំយកសម្ភារៈប្រើប្រាស់បង្កប់សារធាតុញៀននិងគ្រឿងស្រវឹង ទៅឲ្យមិត្តភ័ក្ត្រនៅមណ្ឌលធ្វើចត្តាឡីស័ក..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ មានស្ត្រីរូបស្អាតម្នាក់ ជាជនជាតិចិន បានយកសម្ភារៈប្រើប្រាស់ ទៅឲ្យមិត្តភ័ក្ត្រ នៅមណ្ឌលធ្វើចត្តាឡីស័ក កាសុីណូប៉ឡាយ ក្រុងព្រះសីហនុ ត្រូវក្រុមសមត្ថកិច្ច ប្រចាំការគោលដៅឆែករកឃើញមានម្ស៉ៅសរថ្លា ដែលសង្ស័យថា ជាសារធាតុញៀនជាច្រើនកញ្ចប់។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យឈ្មោះ WANG SHISHI អាយុ២៥ឆ្នាំ ជនជាតិចិន បានជិះរថយន្តម៉ាក highlander ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-9017។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរ និងកំពុងចាត់ការតាមនីតិវិធីច្បាប់។

រីឯករណីដាច់ដោយឡែកមួយទៀត សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដដែលនេះ ក៏បានឃាត់ខ្លួនបុរសជនជាតិចិន ០២នាក់ បានយកគ្រឿងស្រវឹង ច្រកចូលក្នុងសំបកដបតែ ក្នុងបំណងនាំយកឲ្យអ្នកជាប់ធ្វើចត្តាឡីស័ក ប៉ុន្តែត្រូវបាន ក្រុមសមត្ថកិច្ច ប្រចាំការគោលដៅត្រួតពិនិត្យឃើញ រួចក៏ដកហូតទុក និងឃាត់ខ្លួនសួរនាំ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង