បទល្មើសដឹកដីចាក់លុបសមុទ្រ បានបន្តកើតមាននៅខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវ បានចេញសេចក្តីជូនដំណឹងដល់ អ្នកដែលលួចធ្វើសកម្មភាពចាក់ដីចូលសមុទ្រ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឲ្យកាយយកដីទាំងនោះ ចេញវិញជាបន្ទាន់ និងចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក។

បទល្មើសនេះបានកើតឡើង ស្របពេល ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ទទួលខុសត្រូវសាងសង់ កំណាត់ផ្លូវលេខ១៤៨ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានធ្វើការវាងផ្លូវចាស់កាត់ទីតាំងដីជាប់ឆ្នេរសមុទ្រនៅទីតាំងនោះក៏មានប្រជាពលរដ្ឋ ដែលមិនស្គាល់ឈ្មោះឆ្លៀតឱកាសដើម្បីចាក់ដីចូលក្នុងសមុទ្រ។

ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅទីនោះបញ្ជាក់ថា សកម្មភាពលួចចាក់ដីនេះបានធ្វើឡើងនៅពេលយប់។

យោងតាមសារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា និងយោងកំណត់ហេតុចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ និងកំណត់ហេតុចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកស្ទឹងហាវ ស្តីពីការចុះពិនិត្យ និងផ្អាកសកម្មភាពការចាក់ដីចូលសមុទ្រ ស្ថិតនៅមុខក្រុមហ៊ុនតេលា ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយគ្មានលិខិតការអនុញ្ញាត គ្មានអ្នកចេញមុខមកទទួលខុសត្រូវ ព្រមទាំងបានគេចពីអាជ្ញាធរមានសមត្ថកិច្ច។

ទាក់ទិននឹងបញ្ហានេះ រដ្ឋបាលស្រុកស្ទឹងហាវ សូមជូនដំណឹងដល់ អ្នកដែលបានលួចធ្វើសកម្មភាពចាក់ដីចូលសមុទ្រ នៅពេលយប់កន្លងមកនេះថា ដីចំណីឆ្នេរសមុទ្រ ត្រូវបានចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់ រាល់ការកាន់កាប់ ឬសាងសង់សំណង់នានា ហើយបានកំណត់ទុកជាតំបន់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

ការអនុញ្ញាតក្នុងការប្រើប្រាស់ដីចំណីឆ្នេរសមុទ្រ ត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានសេចក្តីណែនាំលម្អិត សម្រាប់អនុវត្ត និងបទប្បញ្ញាត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន។

អាស្រ័យដូចនេះ រដ្ឋបាលស្រុកស្ទឹងហាវ តម្រូវឲ្យអ្នកដែលចាក់ដីចូលសមុទ្រ នៅទីតាំងខាងលើ ត្រូវកាយដី ដែលចាក់ចូលសមុទ្រនោះ ចេញវិញជាបន្ទាន់ និងចេញមុខមកដោះស្រាយ ជាមួយរដ្ឋបាលស្រុក បើពុំនោះទេ រដ្ឋបាលស្រុក នឹងចាត់វិធានការកាយដីនេះចេញ និង បន្តស្វែងរកអ្នកដែលបានចាក់ដីចូលដីឆ្នេរសមុទ្រ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង