កម្លាំងចម្រុះបន្តឃាត់ខ្លួនអ្នកបើករថយន្ត បើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅព្រំប្រទល់ រវាងខេត្តព្រះសីហនុ​និង​​កំពត

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីរសៀល​ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២១ មានរថយន្ត ០១គ្រឿង បានបើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់ រវាងខេត្តព្រះសីហនុ និងខេត្តកំពត ប៉ុន្តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ស្ទាក់ឃាត់បានទាន់ពេល និងនាំយកមកសួរនាំ។

សមត្ថកិច្ច បញ្ជាក់ថា អ្នកបើកបររថយន្តខាងលើ ឈ្មោះ កី កុសល ភេទប្រុស បើកបររថយន្តម៉ាក Nissan ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-1542 បានបើកគេចពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចាកចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ខេត្តកំពត។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

ទាក់ទិននឹងបញ្ហានេះ ចំពោះជនណាដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ​ត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាង​ម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក-ខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង