ថ្ងៃអង្គារ ទី១៦ មីនានេះ គឺជាថ្ងៃទី១០ហើយដែល ​លោកឧកញ៉ា ទៀ វិចិត្រ ​​បាននាំយកស្បៀងអាហារនិងថវិកា ចែកជូនអ្នកពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ គិតត្រឹមថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ គឺជាលើក ឬជាថ្ងៃទី១០ហើយ ដែល លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា G.T.V.C, Speed Boat Cambodia បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅផ្តល់ជូនក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក, កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងអស់ នៅទូទាំងខេត្តព្រះសីហនុ សរុបមានចំនួនជាង ១ពាន់នាក់។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងប្រធានក្រុមការងារមនុស្សធម៌អូរបីប្រចាំខេត្តព្រះសីហនុ ផងនោះ មានប្រសាសន៍ថា ការចូលរួមឧបត្តម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួននេះ គឺរៀបចំឡើងក្នុងរយៈពេល ១០ថ្ងៃជាប់ៗគ្នា។ ហើយគិតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ គឺជាលើកទី១០ ដែលក្រុមការងាររបស់លោក បាននាំយកគ្រឿងឧបភោគបរិភោគទាំងនោះ យកទៅចែកជូនក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមគោលដៅ ឬទីតាំងនីមួយៗ ក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ដោយឡែក នៅតាមគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក តាមព្រំប្រទល់ឆ្លងកាត់ខេត្តព្រះសីហនុ រួមមាន៖ ព្រំប្រទល់ខេត្តព្រះសីហនុ-កំពង់ស្ពឺ, ព្រមប្រទល់ខេត្តព្រះសីហនុ-កំពត និងគោលដៅព្រំប្រទល់ខេត្តព្រះសីហនុ-ខេត្តកោះកុងជាដើម គឺ រូបលោក បានជួយឧបត្តម្ភថវិកាចំនួន ០៤លានរៀលបន្ថែម ពីលើគ្រឿងឧបភោគបរិភោគមានដូចជា៖ អាហារហូបចុក, ភេសជ្ជៈចម្រុះ មានទឹកផ្លែឈើ និងទឹកសុទ្ធជាដើម ជូនដល់កងកម្លាំងចម្រុះប្រចាំការនៅគ្រប់គោលដៅនីមួយៗ។

បន្ថែមលើនេះ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖ បាយ៥០ប្រអប់, កាហ្វេ១៥កញ្ចប់ធំ, ទឹកក្រូច-ទឹកផ្លែឈើ-ខារ៉ាបាវ-បាកាស និងទឹកសុទ្ធចំនួន៥០កេស និងថវិកាចំនួន០៤លានរៀល យកទៅផ្តល់ជូនក្រុមគ្រូពេទ្យ ដែលបំពេញភារកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅគិលានដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រផងដែរ។

ចំណែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ទុក សកម្មភាពនៃការចូលរួមចែករំលែក របស់លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារទាំងអស់ ថាពិតជាបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរស សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមពលរដ្ឋមានឈាមជ័រខ្មែរតែមួយ ជាពិសេសបានជម្រុញ និងលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធ ដែលប្រចាំការនៅតាមគោលដៅទាំងអស់ក្នុងក្រុងព្រះសីហនុ ឲ្យខិតខំបំពេញភារកិច្ចការងារ ឲ្យទទួលលទ្ធផលវិជ្ជមានល្អប្រសើរទៀត នៅថ្ងៃបន្តបន្ទាប់ខាងមុខនេះ៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង