រដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំកម្លាំងចុះអនុវត្តសេចក្តីជូនដំណឹង ​ចុះថ្ងៃទី១៥ ខែមីនា ​ពាក់ព័ន្ធ​សកម្មភាពដឹកដី​និងថ្ម ​ចាក់រំលោភយក​ឆ្នេរសមុទ្រព្រែកត្រែង

ខេត្តព្រះសីហនុ៖ សាធារណជន និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ​​កំពុងទន្ទឹងរង់ចាំមើលប្រសិទ្ធភាព នៃការអនុវត្តច្បាប់ របស់រដ្ឋបាលស្រុកស្ទឹងហាវ ទៅលើបុគ្គល ឬអ្នកជាប់ពាក់ព័ន្ធបទល្មើសដឹកដីចាក់លុប​សមុទ្រ ដើម្បីទន្ទ្រានរានយកដីឆ្នេរសមុទ្រសាធារ​ណៈ​ របស់រដ្ឋ ធ្វើកម្មសិទ្ធិឯកជនខុសច្បាប់ មានទីតាំងនៅទល់មុខក្រុមហ៊ុនប្រេង​កម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ សង្កេតឃើញមានបុគ្គលមួយចំនួន បានធ្វើសកម្មភាពដឹកដីចាក់លុបសមុទ្រ នៅចំណុចខាងលើបានកើតមានយ៉ាងអនាធិបតេយ្យ ជាពិសេសនៅពេលយប់ ​ ប៉ុន្តែចំពោះវិធាន​ទប់ស្កាត់ របស់អាជ្ញាធររដ្ឋបា​លស្រុកស្ទឹងហាវ ជាពិសេស​រដ្ឋបាលខេត្តព្រះសីហនុ ហាក់មានភាពយឺតយ៉ាវ ឬមិនសូវមានប្រសិទ្ធភាព​ទេកន្លងមក។

ប្រភពពីប្រជាពលរដ្ឋ រស់នៅស្រុកស្ទឹងហាវ បានឲ្យដឹងទៀតថា ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅមូលដ្ឋានស្រុកស្ទឹងហាវ គេសង្កេត​ឃើញ​បុគ្គលឯកជនមួយចំនួន បាន​ដឹកដីចាក់លុបមាត់សមុទ្រ ដើម្បីទន្ទ្រានយកដីចំណីឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិឯកជន ដោយ​ខុសច្បាប់។ ហើយភាគច្រើន នៃសកម្មភាពដឹកដីចាក់លុបសមុទ្រ​នៅមូលដ្ឋានខាងលើនេះ បា​ន​កើតឡើងនៅពេលយប់ ដោយ​ក្នុងអំឡុងពេល​នោះ គេមិនឃើញមានអាជ្ញាធរថ្នាក់ស្រុក ឬខេត្តព្រះសីហនុ ចេញមុខមានវិធាន​ការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពភ្លាមៗទេ ដោយទុកឲ្យជនល្មើសធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ។

យ៉ាងនេះក្តី បន្ទាប់ពីមានមតិរិះគន់ពីសំណាក់សារធារណជន ជាបន្តបន្ទាប់រួចមក ទើបកាលពីថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ រដ្ឋបាលស្រុកស្ទឹងហាវ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ជម្រាបជូន​​អ្នកជាប់ពាក់ព័ន្ធ នឹងសកម្មភាព​លួច​ដឹកដីចាក់លុប​ឆ្នេរសមុទ្រ នៅចំណុចខាងលើ ​តម្រូវឲ្យកាយយកអាចម៍ដីទាំងនោះ​ ចេញពីមាត់សមុទ្រ​​វិញជាបន្ទាន់ ហើយ​ត្រូវចេញមុខ​មក​ដោះ​ស្រាយជាមួយ រដ្ឋបាលស្រុកស្ទឹងហាវ ឲ្យបានឆាប់បំផុត។

បទល្មើសខាងលើនេះ បានកើតឡើង​ស្របពេល ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ទទួលខុសត្រូវសាងសង់ កំណាត់ផ្លូវលេខ១៤៨ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ​បានស្ថាបនាផ្លូវ​វាងផ្លូវចាស់ កាត់តាមទីតាំងដីជាប់ឆ្នេរសមុទ្រ នៅតាមទីតាំងខាងលើ ហើយអំឡុងពេលនោះ ​ក៏មានជន​ឆ្លៀតឱកាសមួយចំនួន បានលួចដឹកអាចម៍ដីចាក់​លុបសមុទ្រ ក្នុងបំណងរានយកដីធ្វើជាកម្មសិទ្ធិឯកជន ដោយខុសច្បាប់។

​​​ប្រភពពីប្រជាពលរដ្ឋ ​បានអះអាងបន្តទៀតថា សកម្មភាពលួចដឹកអាចម៍ដី​ចាក់លុបសមុទ្រ ដើម្បីរានឆ្នេរសមុទ្រធ្វើកម្មសិទ្ធិឯកជន​ខុសច្បាប់នេះ គឺភាគច្រើនបានធ្វើឡើងនៅពេលយប់ ហើយកើតឡើងនៅតាម​បណ្តោយផ្លូវ​ឆ្លងកាត់ របស់​ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ធ្វើដំណើរចេញចូលទៅ​​ធ្វើការនៅសាលានេះ​ជារៀងរាល់ថ្ងៃ។

ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ បានលើកជាចម្ងល់ថា តើមូលហេតុអ្វីបានជា លោក ឆាយ សុគន្ធដា មិនព្រមមានវិធានការទប់ស្កាត់បទល្មើសដឹកដីលុបសមុទ្រ​ខុសច្បាប់​នេះភ្លាមៗ និងឲ្យមានប្រសិទ្ធភាព ដោយ​ទុកឲ្យ​បុគ្គលទាំងនោះ ធ្វើសកម្មភាព​អូសបន្លាយពេលជាច្រើនសប្តាហ៍កន្លងមកហើយៗ ទើបមានវិធានការ​ទប់ស្កាត់ នៅពេលនេះ។

យោងតាមសារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល​ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា និងយោងកំណត់ហេតុចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ និងកំណត់ហេតុចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកស្ទឹងហាវ ស្តីពីការចុះពិនិត្យ និងផ្អាកសកម្មភាពការចាក់ដីចូលសមុទ្រ ស្ថិតនៅមុខក្រុមហ៊ុនតេលា ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ​បញ្ជាក់ថា សកម្មភាពដឹកដីចាក់លុបសមុទ្រ នៅទីតាំងខាងលើនេះ គឺធ្វើឡើងដោយគ្មានលិខិត​អនុញ្ញាតពីអាជ្ញាធរទេ ហើយរហូតមកដល់ពេលនេះ ក៏គ្មានបុគ្គលណាម្នាក់ ចេញមុខមកទទួលខុសត្រូវ ចំពោះមុខ​អាជ្ញាធរមានសមត្ថកិច្ចនៅឡើយដែរ។

ត្រង់ចំណុចនេះ រដ្ឋបាលស្រុកស្ទឹងហាវ ក៏បានជូនដំណឹងដល់អ្នកជាប់ពាក់ព័ន្ធ ​នឹងសកម្មភាពលួចដឹកដីចាក់លុបសមុទ្រ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ​ថា ចំពោះដីចំណីឆ្នេរសមុទ្រ ត្រូវបានចាត់ទុកជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់ រាល់ការកាន់កាប់ ឬសាងសង់សំណង់រឹងមាំផ្សេងៗ ហើយក៏បានកំណត់ទុកជាតំបន់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

ដោយឡែក ចំពោះការអនុញ្ញាត ក្នុងការប្រើប្រាស់ដីចំណីឆ្នេរសមុទ្រ ត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានសេចក្តីណែនាំលម្អិត សម្រាប់អនុវត្ត និងបទប្បញ្ញាត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន។

ផ្តើមពីបញ្ហានេះ ​រដ្ឋបាលស្រុកស្ទឹងហាវ បានព្រមានដល់ជនទាំងឡាយណា ដែលបានដឹកអាចម៍ដីចាក់​ចូលសមុទ្រ នៅទីតាំង​ទល់មុខក្រុមហ៊ុនតេលា ស្ថិតក្នុង​ភូមិ៤ ឃុំអូរត្រេះ ​ត្រូវមកកាយយកអាចម៍ដី​ ដែលចាក់ចូលសមុទ្រ​ទាំងអស់នោះ​ចេញវិញជាបន្ទាន់ និងចេញមុខមកដោះស្រាយ ជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ឲ្យបានឆាប់។ បើពុំដូច្នេះនោះទេ អាជ្ញាធរ​ស្រុក នឹងចាត់វិធានការកាយដីនេះចេញ ហើយ​បន្តស្វែងរកអ្នកចាក់ដីរំលោភយកដីឆ្នេរសមុទ្រ​ខាងលើនេះ ដោយនាំខ្លួនយកទៅ​ផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត។

ទាក់ទិនបញ្ហានេះ កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាព នៃរដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំដោយ លោក អ៊ុង ឆាលី អភិបាលរង​ស្រុកស្ទឹងហាវ បានដឹកនាំអាជ្ញាធរ​មូលដ្ឋាន ភូមិ-ឃុំ, មន្ត្រីការិយាលយ័ជំនាញចំណុះសាលាស្រុកព្រៃនប់, កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ ​ចុះអនុវត្តលិខិតជូនដំណឹង (ស.ជ.ណ ) លេខ០១៨ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដែលបានជម្រាបជូន អ្នកជាប់ពាក់ព័ន្ធនឹងសកម្មភាពដឹកដី និងថ្ម ចាក់រំលោភយកដីឆ្នេរសមុទ្រ ដែលជាដីឆ្នេរសាធារណៈរបស់រដ្ឋ សម្រាប់បំរើដល់ប្រយោជន៍សាធារណៈ ​មានទីតាំងនៅតាមបណ្តោយ​វិថីសម្តេច ហ៊ុន សែន ទល់មុខឃ្លាំងស្តុកប្រេង​ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតក្នុងភូមិ0៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុខាងលើនេះរួចហើយៗ កំពុងបន្តស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធ ដើម្បីឲ្យចូលខ្លួនមកទទួលខុសត្រូវ ចំពោះមុខច្បាប់៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង