​រកឃើញអ្នកពាក់ព័ន្ធនឹងបុរសវិជ្ជមានកូវីដ-១៩ម្នាក់ ​ដែលទៅចូលរួមពិធីមង្គលការនៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ជាង២០០នាក់

ខេត្តកំពត៖ អាជ្ញាធររដ្ឋបាលខេត្ត​កំពត បានរកឃើញអ្នកជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩ ដោយផ្ទាល់ប្រហែលជា១០នាក់ និងដោយប្រយោលជាមួយបុរស ដែលមន្ត្រីក្រសួងសុខាភិបាល បានរកថាវិជ្ជមានកូវីដ-១៩ ហើយបានទៅចូលរួមពិធីមង្គលការ នៅខេត្តកំពត ប្រមាណ​ជា២០០នាក់ទៀត។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធកូវីដ-១៩ ដោយផ្ទាល់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការយកសំណាករកតេស្ត ចំណែកអ្នកជាប់ពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

​លោកស្ត្រី យូ សុគន្ធ អភិបាលរងខេត្តកំពត បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ចំពោះអ្នកជាប់ពាក់ព័ន្ធកូវីដ-១៩ ទាំងដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរស​មានវិជ្ជមានកូវីដ-១៩សរុបមានចំនួនជាង២០០នាក់ នៅគ្រាបុរសខាងលើនេះ ​បានទៅចូលរួមពិធីមង្គលការនៅ ភូមិដំណាក់ទ្រព្យជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

បច្ចុប្បន្ននេះ ចំពោះបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់​ទាំងអស់ ត្រូវ​មន្ត្រីសុខាភិបាល ចុះយកសំណាកទៅធ្វើតេស្ត មានចំនួនប្រមាណ​១០នាក់ រីឯអ្នក​ពាក់ព័ន្ធដោយប្រយោលមានចំនួនជាង ២០០នាក់ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

លោកស្ត្រី យូ សុគន្ធ បន្តថា បុរសដែល​វិជ្ជមានកូវីដ-១៩ខាងលើនេះ បានមកខេត្តកំពត ក្នុងរយៈពេលខ្លីទេ ដោយសារបុរសរូបនោះ មកចូលរួមពិធីមង្គលការ បានប្រហែលជាង ០១ម៉ោងជាងតែប៉ុណ្ណោះ។ ដោយឡែក ចំពោះទីតាំងដែលពាក់ព័ន្ធនឹងបុរសមានវិជ្ជមានជំងឺកូវីដ-២៩ទាំងនោះ អាជ្ញាធរស្ថាប័នពាក់ព័ន្ធ បានធ្វើការគ្រប់គ្រង និងបិទតាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១មកម៉្លេះ៕

អត្ថបទដែលជាប់ទាក់ទង