លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃ៤ក្បាលទៀត លែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) បាននាំយកសត្វពង្រូល ០២ក្បាល, សត្វសំពោចក្រអូប០១ក្បាល និង កូនសត្វខ្លាត្រី០១ក្បាល សរុបមានចំនួន ០៤ក្បាល ដោយនាំយកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ ដើម្បីធ្វើការអភិរក្ស។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃទាំង០៤ក្បាល ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងៗគ្នា នាំយកមកប្រគល់ជូនរូបលោក ដើម្បីចិញ្ចឹម និងអភិរក្ស។ ក្នុងនោះប្រជាពលរដ្ឋ បានប្រាប់ថា ការដែលពួកគាត់នាំយកសត្វព្រៃទាំងនេះ មកប្រគល់ជូនរូបលោក ក៏ដោយសារតែកន្លងមក បានឃើញសកម្មភាព របស់លោក បាននាំយកសត្វព្រៃជាច្រើនប្រភេទ យកទៅអភិរក្ស ក៏ដូចជាលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិ ជាបន្តបន្ទាប់។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះ មកប្រគល់ជូនរូបលោក, លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ត្រូវចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វព្រៃកម្រគ្រប់ប្រភេទ តាមរយៈ៖ កុំប្រមាញ់ កុំសម្លាប់ និងកុំធ្វើជំនួញជួញដូរផ្សេងៗ ដើម្បីរួមចំណែកជាមួយសង្គមជាតិ លើការងារថែរក្សាសត្វព្រៃ នៅកម្ពុជា ឲ្យបានប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង