រដ្ឋបាលខេត្តកោះកុង បញ្ជូនពលករខ្មែរ៤០នាក់ ដែលវិលពីថៃ​ទៅ​ស្រុកកំណើតវិញ ក្រោយបញ្ចប់ធ្វើចត្តាឡីស័ករួចរាល់

ខេត្តកោះកុង៖ មន្ត្រីរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរស្ថាប័នពាក់ព័ន្ធ និងមន្ត្រីសុខាភិបាល ដែលជាសេនាធិការ ខេត្តកោះកុង បានបញ្ជូនពលករខ្មែរចំនួន៤០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនចាំយាម ខេត្តកោះកុង ឆ្ពោះទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត របស់ពួកគេវិញហើយ។ ក្រោយបានបញ្ចប់ធ្វើចត្តាឡីស័ក នៅក្នុងខេត្តកោះកុង ស្របតាមបច្ចេកទេស របស់ក្រសួងសុខាភិបាលរួចរាល់។

មន្ត្រីដដែលបន្តថា ពលករទាំង ៤០នាក់នេះ មុនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋាននៅតាមបណ្តាខេត្តរៀងៗខ្លួនវិញ គឺតម្រូវឲ្យពលករទាំងនោះ ត្រូវមានលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យ ឬមន្ត្រីសុខាភិបាល ដែលទទួលខុសត្រូវនៅមណ្ឌលធ្វើចត្តាឡីស័ក ឬមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឲ្យប្រាកដថា ពលករទាំង៤០នាក់នោះ ពិតជាបានឆ្លងកាត់នៅមណ្ឌលចត្តាឡីសក័ពិតប្រាកដមែន។
តាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា ក្នុងចំណោមពលករទាំង ៤០នាក់នោះ គឺមានពលករចំនួន ២៨នាក់ មានលំនៅដ្ឋានក្នុងខេត្តព្រៃវែង, ពលករចំនួន១០នាក់ រស់នៅខេត្តតាកែវ និងពលករចំនួន ០៨នាក់ទៀត រស់នៅខេត្តកោះកុងផ្ទាល់តែម្តង។

ដោយឡែក កម្លាំងសមត្ថកិច្ចបម្រើការងារនៅ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញរបស់ខ្លួន តែបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតាមតំបន់ឆ្នេរសមុទ្រទាំង០៤ រួមមាន៖ ខេត្តកោះកុង, ព្រះសីហនុ- កំពត និងខេត្តកែប បានបន្តបញ្ជូនកម្លាំងចុះល្បាតតាមច្រកសមុទ្រ ដោយឃ្លាំមើល និងហាមឃាត់រាល់ការធ្វើដំណើរចេញ-ចូល ឆ្លងពីខេត្តមួយ ទៅកាន់ខេត្តមួយទៀត របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋពីប្រទេសជិតខាង មិនឲ្យឆ្លងចេញ-ចូលប្រទេសកម្ពុជាទេ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នេះជាប្រចាំ ស្របតាមបទបញ្ជា របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានដាក់ចេញ៕

អត្ថបទដែលជាប់ទាក់ទង