ក្រសួងព័ត៌មាន ​លុបអាជ្ញាបណ្ណ​គេហទំព័រ លោក ផែង វណ្ណៈ ដោយសារ​​ជេរប្រមាថ​ព្រះសង្ឈ នាំឲ្យប៉ះពាល់​ធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណបើកធ្វើអាជីវកម្ម របស់គេហទំព័រឈ្មោះ www.phengvannaknews.com ដែលបានអនុញ្ញាតឲ្យ លោក ផែង វណ្ណៈ ដោយសារម្ចាស់អាជ្ញាបណ្ណមួយនេះ បានជេរប្រមាថចំពោះព្រះសង្ឈ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ហើយបានបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ការសម្រេច របស់ក្រសួងព័ត៌មាននេះ បានកើតឡើងក្រោយពេល ព្រះមេគណខេត្តសៀមរាប ព្រះអង្គ ជុំ គឹមឡេង កាលពីថ្ងៃទី១៧ ខែមីនា បានសរសេរលិខិតថ្វាយ សម្តេច នន្ទ ង៉ែត ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយស្នើសុំទៅរដ្ឋាភិបាល ដើម្បីមានចំណាត់ការលើ លោក ផែង វណ្ណៈ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះ បាននិយាយពាក្យមិន​សមរម្យសំដៅទៅព្រះគ្រូចៅអធិការវត្តបូណ៌ ព្រះអង្គ ពិន សែម ជុំវិញសកម្មភាពប្រៀនប្រដៅលើសិស្សគណ ដែលបានធ្វើខុសវិន័យ។

នេះជាការស្រង់សំដី របស់លោក ផែង វណ្ណៈ ក្នុងហ្វេសប៊ុក Live របស់បុគ្គលរូបនេះ ពេលប្រតិកម្មនឹងវិធានការ របស់ព្រះមហា ពិន សែន ដែលប្រើរំពាត់ផ្តៅវាយសិស្ស ០៩អង្គ ដែលបានប្រព្រឹត្តខុស៖ “ជាប់គុកជាប់ទៅខ្ញុំលេងវិញហើយ ខ្ញុំអត់យកទៅប្តឹងផ្តល់អ្វីទេនិយាយដោយស្មោះត្រង់។ ប្រសិនបើវ៉ៃកូនខ្ញុំដល់របៀបអ៊ីចឹង ខ្ញុំអត់វ៉ៃទេ ខ្ញុំទៅបាញ់ចោលតែម្តង និយាយត្រង់ អត់អនុវត្តច្បាប់ទេ”។

តាមពិតទៅរឿងរ៉ាវខាងលើនេះ បានបញ្ចប់​ទៅហើយ ព្រោះកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២១ ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ត្រូវបានតម្រូវឲ្យធ្វើកិច្ចសន្យាឲ្យកែប្រែការអប់រំពីហិង្សាទៅជាអហិង្សាវិញ។ កិច្ចសន្យានេះ ត្រូវបានធ្វើឡើង បន្ទាប់មានឃ្លីបវីដេអូមួយ ដែលបានបង្ហាញពីសកម្មភាពព្រះសង្ឃ ប្រើរំពាត់ផ្តៅវាយភិក្ខុ សាមណេរ ០៩អង្គដែលខុសវិន័យ រហូតដល់មានស្លាកស្នាម។

ក្នុងកិច្ចសន្យា នោះព្រះអង្គ ពិន សែម ព្រះជន្ម ៨០វស្សា បានសន្យាថា នឹងមិនមានការគំគួន ស្អប់ខ្ពើមភិក្ខុ សាមណេរ ដែលប្រព្រឹត្តខុសនោះឡើយ។ ក្នុងកំណត់ហេតុ ភាគីទាំងអស់ បានសន្និដ្ឋានថា ករណីនេះ មិនមែនជាអំពើហិង្សាឃោឃៅនោះទេ តែជាការទូន្មានប្រៀបប្រដៅ និងការដាក់វិន័យ របស់គ្រូព្រះចៅអធិការ ដល់ភិក្ខុសាមណេរ ដែលប្រព្រឹត្តខុសទៅតាមអ្វី ដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុង របស់វត្តរាជបូណ៌។

ដោយឡែក​ ព្រះសង្ឃ ដែលធ្លាប់រងពិន័យទាំង ០៩អង្គ ​មានសង្ឃដីកាដូចៗគ្នា ដោយ ព្រមទទួលយកនូវការដាក់វិន័យ។ រីឯព្រះអង្គ ពិន សែម ក៏បានយល់ថា រូបភាពដាក់វិន័យបែបនេះ ពិតជាផ្ទុយនឹងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ អ្នកប្រើប្រាស់បណ្តាញសង្គម នៅតែបន្តលើកយកមកពិភាក្សា ដោយអ្នកខ្លះនៅតែបង្ហាញជំហរមិនគាំទ្រការប្រៀនប្រដៅបែបហិង្សា រីឯអ្នកខ្លះទៀតបានគាំទ្រចំណាត់ការ របស់ព្រះអង្គ ពិន សែម ក្នុងព្រះតួនាទី ជាគ្រូដែលណែនាំសិស្សឲ្យដើរផ្លូវត្រូវ។

ការជជែកដែលកាន់តែផុសផុលនោះ គឺសម្រង់សំដីរបស់លោក ផែង វណ្ណៈ ក្នុងន័យប្រមាថដល់ព្រះមហា ពិន សែម។ ព្រះមេគណខេត្ត ជុំ គឹមឡេង បានទូលថ្វាយសម្តេចព្រះសង្ឃនាយកថា៖ “មើលឃើញទង្វើអសីលធម៌របស់បុគ្គល ផែង វណ្ណៈ បែបនេះ ទូលព្រះបង្គំ យើងខ្ញុំជាព្រះមេគណតំណាងឲ្យព្រះសង្ឃទូទាំងខេត្តសៀមរាប សូមព្រះរាជានុញ្ញាតទ្រង់ព្រះមេត្តាប្រោស ជួយស្នើសុំទៅរាជរដ្ឋាភិបាលឲ្យលោកមានចំណាត់ការថ្កោលទោស ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈតាមច្បាប់ឲ្យសមនឹងទង្វើ ដែលជននេះបានប្រព្រឹត្ត”។

​ទាក់ទិនបញ្ហានេះ ព្រះអង្គ ឃឹម សន ព្រះប្រធានលេខាធិការគណៈសង្ឃនាយក យល់ឃើញថា អ្នកបួសនិងគ្រហស្ថ នៅពេលប្រព្រឹត្តខុស គឺត្រូវអនុវត្តតាមវិន័យ និងច្បាប់ដែលបានចែង។ ព្រះអង្គមានសង្ឃដីកាថា៖ “កាលណាបើឃើញមានបុគ្គលណាម្នាក់ប្រព្រឹត្តខុស ទោះបីជាអ្នកបួស និងគ្រហស្ថក្ដី គឺមានវិន័យនិងច្បាប់សម្រាប់ដោះស្រាយ។ ព្រោះខាងគ្រហស្ថក៏មានច្បាប់ ខាងអ្នកបួសក៏មានវិន័យ មានតួនាទីជំរុញ ហើយក្នុងនាមអាត្មាជាព្រះសង្ឃ ក៏ដូចជាពលរដ្ឋ មានតែជំរុញឲ្យមានការអនុវត្តតាមវិន័យ និងច្បាប់”។

យោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ការគំរាមកំហែងថានឹងសម្លាប់ ដែលធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ០១លាន ទៅ ០៤លានរៀល។

រីឯមាត្រា៥១៦ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ត្រូវផ្តន្ទាទោសដាក់ពន្ធនាការពី ០១ថ្ងៃ ទៅ ០៦ខែ និងពិន័យជាប្រាក់ពី ១០០០រៀល ទៅ១សែនរៀល។

ខាងក្រោមនេះ ជាសេចក្តីប្រកាស របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង