សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អស្តូប ព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យស្ត្រីនគរទេព ​មានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ​គ្រោងនឹងយកមន្ទីរពេទ្យនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

ការរៀបចំមន្ទីរពេទ្យ “នគរទេព” មានផ្ទៃដីទំហំ ០១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់០៥ជាន់ មានប្រព័ន្ធ​ទឹក​ភ្លើងល្អ ដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។

មន្ទីរពេទ្យស្ត្រីនគរទេព អាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន ៨០គ្រែ និងផ្នែកជំងឺធម្មតាបាន ៤២០គ្រែ។ មន្ទីរពេទ្យនេះ ក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ។

ទន្ទឹមនឹងការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ គឺត្រូវពាក់ម៉ាសគ្រប់ៗគ្នានៅតាមទីសាធារណៈ ឧស្សាហ៍ដុសលាងសម្អាតដៃ មុខមាត់ត្រចៀក ជាមួយសាប៊ូ ចិល ឬទឹកអាល់កុល ហើយត្រួវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ចម្ងាយជាង ០១ម៉ែត្រកន្លះពីគ្នា៕

អត្ថបទដែលជាប់ទាក់ទង