ភរិយា​លោក ហួរ ឡាវី ​ត្រូវជាម្តាយ កញ្ញា វី ឌីណែត អ្នកចម្រៀង​ផលិតកម្មហង្សមាស បានទទួលមរណភាព ក្នុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩

រាជធានីភ្នំពេញ​៖ លោក ហួរ ឡាវី តារាចម្រៀង​ជើងចាស់ មានសំឡេងស្អក និងជាម្ចាស់បទ “បាត់អូន, ​តើថ្ងៃណាបំភ្លេចអូនបាន និងអាណែតមាសបង”ជាដើម​​​ ​​បានឲ្យដឹងក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា ភរិយារបស់លោក ឈ្មោះ ងឿន សុថានី និងត្រូវជាម្តាយ របស់កញ្ញា វី ឌីណែត អ្នកចម្រៀលល្បី ប្រចាំផលិតកម្មហង្សមាស ​​​​​​​​​​​​​​​​​​​​​​​​​​​​បានទទួលមរណៈភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅម៉ោង ១១ និង៤៥នាទី ព្រឹក​​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងអំឡុង​ពេលកំពុង​សម្រាកព្យាបាលជំងឺកូវីដ-១៩។

​​លោក ហួរ ឡាវី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភរិយា​របស់លោក មាន​អាយុ៦២ឆ្នាំ​ ​និងមានជំងឺ​ប្រចាំ​កាយជាច្រើនមុខដូចជា៖ ជំងឺលើសឈាម និងទឹកនោមផ្អែមជាដើម។ ហើយថា នៅក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ គឺក្រុមគ្រូពេទ្យ បានខិតខំព្យាបាល​​ជំងឺ​ ជូនភរិយា​របស់លោក ដោយយកចិត្តទុកដាក់​។

ដោយឡែក កញ្ញា វី ឌីណែត ដែលត្រូវជាកូន របស់​សពលោកស្រី ងឿន សុថានី បច្ចុប្បន្ននេះ ក៏កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែ កង់ទីណង់តាល់) នៅក្នុងរាជធានីភ្នំពេញ​​ បន្ទាប់ពីមន្ត្រីសុខាភិបាល បានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីប៉ុន្មានសប្តាហ៍មុននេះ។ រីឯ លោក ហួរ ឡាវី ក៏កំពុងធ្វើចត្តាឡីស័កផងដែរ។

​​ងាកមកគណនីហ្វេសប៊ុក របស់កញ្ញា វី ឌីណែត ​នៅថ្ងៃទី១៩ ខែមីនានេះ ក៏បានប្តូររូបភាពកាន់ទុក្ខភ្លាមៗ ក្រោយពេល​ លោក ហួរ ឡាវី បានបង្ហោះសារតាមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា “អូនអើយ សូមអូនវិលត្រឡប់មកផ្ទះវិញ​មក ប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ សាធុ សាធុ”។

ចំណែកហ្វេសប៊ុករបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ វិញ ក៏បានបង្ហោះសារថា “ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ។ អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ”។

ទាក់ទិនបញ្ហានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែមីនានេះថា ករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ  មានអាស័យដ្ឋានរស់នៅក្នុងសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅមន្ទីរពេទ្យខ្មែរ-សូវៀត គឺដោយសារជំងឺកូវីដ-១៩ ដែលបានវ៉ៃលុកសួត ធ្វើឲ្យរលាកសួតខ្លាំង និងស្ទះសរសៃឈាមបេះដូង។ ស្ត្រីវ័យ ៦២ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមណ្ឌលជាតិកំចាត់មេរោគរបេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ​ក្រោ​យរកឃើញវិជ្ជមានមេរោគកូវីដ-១៩។ ប៉ុន្តែក្រោយមក ​​​​​​​ដោយសារស្ត្រីខាងលើនេះ មានស្ថានភាពហត់ខ្លាំង គួរផ្សំ រូបគាត់មានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ  ក៏ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និងជួយសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ហើយបានទទួលមរណៈភាព នៅម៉ោង ១១ និង៤៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ​៕

អត្ថបទដែលជាប់ទាក់ទង