រកឃើញជនជាតិចិន៣នាក់ នៅក្រុងព្រះសីហនុ មានវិជ្ជមានកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង ០៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មានបុរសចំនួន ៣នាក់ ជាជនជាតិចិន លទ្ធផលសំណាកតេស្ត បានបង្ហាញថា មានវិជ្ជមានកូវីដ-១៩។

រដ្ឋបាលខេត្ត បន្តថា នៅមុនពេលបុរសជនជាតិចិនខាងលើ ទទួលបានលទ្ធផលតេស្តសំណាក គឺមានបុរសជនជាតិចិនម្នាក់ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង០៣នាក់ កាលពីវេលាម៉ោងប្រមាណ ០៤រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ គាត់បានទៅគ្លីនិកតៃវ៉ាន់ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បន្ទាប់មកវេលាម៉ោង ០៦ល្ងាចថ្ងៃដដែលគាត់ បានទៅហាងកាត់សក់កន្ត្រៃអន្តរជាតិ ក្នុងបរិវេណមហោស្រពចាស់ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលបានចេញចូលទីតាំង និងពេលវេលាដូចបានរៀបរាប់ខាងលើ សូមទៅយកសំណាកតេស្តឱ្យបានឆាប់បំផុត នៅទីតាំងវេទិកា៧មករា (វិមានឯករាជ្យ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង