សមត្ថកិច្ចចាប់រថយន្ត៣គ្រឿង ដែលបើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅព្រំប្រទល់ខេត្តព្រះសីហនុ-កំពត

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានរថយន្តចំនួន ០៣គ្រឿង បានបើកគេចវេសប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួនយកមកសួរនាំ។

សមត្ថកិច្ច បន្តថា អ្នកបើកបររថយន្តទាំង ០៣ ខាងលើរួមមាន៖ ឈ្មោះ ងយ ឆានី ភេទប្រុស អាយុ ២៣ឆ្នាំ បើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 3AJ-6486។ ឈ្មោះ សែម ធិន ភេទប្រុស អាយុ២៣ឆ្នាំ បើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-9520។ ឈ្មោះ សេង គឹមស្រៀង ភេទប្រុស អាយុ៣០ឆ្នាំ បើកបររថយន្តម៉ាក GRANTO ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3503។

យោងតាមច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រា១០ “បទមិនគោរពវិធានការរដ្ឋបាល” ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល។

ចំពោះករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវ របស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង