អភិបាលខេត្តកោះកុង ព្រមានចាត់វិធានការ​ លោកស្រី លាង ហ៊ីម ​ចាក់ដីរំលោភ​ចំណីព្រែក និងបំផ្លាញព្រៃកោងកាង

ខេត្តកោះកុង៖ អភិបាលខេត្តកោះកុង គឺលោកស្រី មិថុនា ភូថង បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើ លោកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល ដែលបានចាក់អាចម៍ដីរំលោភចូលចំណីព្រែក និងបានបំផ្លាញព្រៃកោងកាង មានផ្ទៃដីជាង ០៤ពាន់ម៉ែត្រការ៉េ មានទីតាំងនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សារព្រមាននេះ បានត្រូវឲ្យ លោកស្រី លាង ហ៊ីម ត្រូវតែកាយយកអាចម៍ដី ដែលបានចាក់រំលោភចូលចំណីព្រែក ធ្វើឲ្យខូចខាតព្រៃកោងទាំងនោះ រក្សាឲ្យមកសភាពដើមវិញ ក្នុងរយៈពេលយូរបំផុតត្រឹម ០១សប្តាហ៍ប៉ុណ្ណោះ បើចង់សុខខ្លួន។

លិខិតជូនដំណឹង ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានជម្រាប លោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល ឲ្យបានដឹងថា ក្រុមការងារ របស់រដ្ឋបាលស្រុកមណ្ឌលសីមា និងរដ្ឋបាលខេត្តនេះ បានចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដីមួយកន្លែង របស់លោកស្រី ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដោយរកឃើញថា ការចាក់បំពេញអាចម៍ដី នៅទីតាំងខាងលើនេះ គឺបានរំលោភចូលដីចំណីព្រែក និងបំផ្លាញព្រៃកោងកាង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ អស់រាប់ពាន់ម៉ែត្រការ៉េ។ ហើយថា ផ្ទៃដី ដែលលោកស្រី ម៉ាហ្គោល បានចាក់អាចម៍ដីរំលោភចូលចំណីព្រែកនោះ គឺបានបំផ្លាញព្រៃកោងកាង របស់រដ្ឋ មានទំហំ ៤.២៥០ម៉ែត្រការ៉េ ក្នុងនោះទំហំ ៣.៣០២ម៉ែត្រការ៉េ ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយ អនុក្រឹត្តយលេខ១៧៩ អនក្រ.បក។

ដោយឡែក ពាក់ព័ន្ធនឹងទីតាំងដី ដែលលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល បានអះអាងថាបានទិញ និងចាក់បំពេញអាចម៍ដីខាងលើនេះ រដ្ឋបាលខេត្តកោះ តម្រូវ ឲ្យកាយយកអាចម៍ដី ដែលបានចាក់រំលោភចូលចំណីព្រែក ធ្វើឲ្យខូចខាតព្រៃកោងកាងទាំងនោះចេញវិញឲ្យអស់ ដោយប្រើរយៈពេលយូរបំផុតត្រឹម ០៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង ថ្ងៃទី១៩ ខែមីនានេះតទៅ។ ជាងនេះទៀត ត្រូវធ្វើយ៉ាងណាថែរក្សា ស្តារព្រៃកោងកាង របស់រដ្ឋ ដែលបានខូចខាតទាំងនោះ ឲ្យមកសភាពដូចដើមឡើងវិញ បើមិនដូច្នេះទេ រដ្ឋបាលខេត្តនឹងមានវិធានការតាមផ្លូវច្បាប់។

បន្ថែមលើនេះ ចំពោះទីតាំងដី ដែលលោកស្រី អះអាងថា បានទិញពីប្រជាពលរដ្ឋ ឬដីសហគមន៍នោះ គឺ ក្រុមការងាររដ្ឋបាលខេត្តកោះកុង នឹងចុះសិក្សាសាវតាលម្អិត ថាតើ ដីនោះ ពិតជាកម្មសិទ្ធិ របស់ប្រជាពលរដ្ឋប្រាកដមែន ឬមួយក៏ អាជ្ញាធរឃុំជាអ្នកចាត់ចែង? ហើយថា ការចាត់ចែងទាំងនោះ បានបម្រើដល់ផលប្រយោជន៍ របស់សហគមន៍ដែរឬទេ?។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តកោះកុង បានស្នើដល់ លោកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល ត្រូវចូលរួមសហការជាមួយក្រុមការងារ របស់បាលខេត្តនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឲ្យបានរលូន។

ទាក់ទិនបញ្ហានេះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” មិនទាន់មានប្រភពទាក់ទង លោកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល ដើម្បីបំភ្លឺជុំវិញការចេញលិខិតព្រមាន របស់រដ្ឋបាលខេត្តកោះកុង បាននៅឡើយទេតាមទូរស័ព្ទ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១នេះ។

បញ្ហានេះដែរ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ជាពិសេសប្រជាពលរដ្ឋ រស់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង បង្ហាញការគាំទ្រ ចំពោះចំណាត់ការ ការពារធនធានធម្មជាតិ រួមមាន៖ ដីចំណីព្រែក និងព្រៃកោងកាងជាដើម របស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាឱកាសនេះ។

យ៉ាងនេះក្តី ពួកគេនឹងរង់ចាំមើល ថាតើចំណាត់ការ របស់រដ្ឋបាលខេត្តកោះកុង ទៅលើលោកស្រី លាង ហ៊ីម ហៅម៉ាហ្គោល ដែលបានចាក់ដីរំលោភយកចំណីព្រែក និងបានបំផ្លាញព្រៃកោងកាងអស់រាប់ពាន់ម៉ែត្រការ៉េ នៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដោយខុសច្បាប់នេះ តើមានប្រសិទ្ធភាព ត្រឹមកំរិតណា? ឬមួយបានត្រឹម វាយស្មៅ បង្អើលពស់តែប៉ុណ្ណោះនោះ៕ ដោយ៖ ដែន អយុធ្យា​

អត្ថបទដែលជាប់ទាក់ទង