សាធារណជនបង្ហាញអារម្មណ៍ក្តុកក្តួល ពេលឃើញសកម្មភាព លោក ហួរ ឡាវី និងកូនចៅ ទទួលធាតុភរិយា

រាជធានីភ្នំពេញ៖ សាធារណជន ក៏ដូចជាក្រុមអ្នកលេងបណ្តាញហ្វេសប៊ុកជាដើម បានបង្ហាញអារម្មណ៍ក្តុកក្តួល និងសោកសង្រេង កាលបើបានឃើញសកម្មភាព នៃការផ្សាយបន្តផ្ទាល់តាមបណ្តាញសារព័ត៌មាន ក៏ដូចជាតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ទាក់ទិនសកម្មភាពទទួលធាតុ នៃការស្លាប់របស់លោកស្រី ងួន សុផាន់នី ដែលត្រូវជាភរិយា លោក ហួរ ឡាវី អ្នកចម្រៀងជើងចាស់ និងត្រូវជាម្តាយ កញ្ញា វី ឌីណែត អ្នកចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស ដែលបានស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

អ្វីដែលសាធារណជន និងក្រុមអ្នកលេងហ្វេសប៊ុក មានភាពក្តុកក្តួលបំផុតនោះ គឺនៅពេលឃើញសកម្មភាព របស់ លោក ហួរ ឡាវី និងកូនចៅ ចេញមកទទួលធាតុ របស់ភរិយានៅខាងមុខផ្ទះ កាលពីថ្ងៃទី២០ ខែមីនា ដែលបានរៀបចំឡើង ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ពិធីនេះ មិនមានភ្ញៀវ ឬមនុស្សម្នាចូលរួម ឲ្យបានអធិកអធម ដូចការស្លាប់របស់ប្រជាពលរដ្ឋ ខុសពីជំងឺកូវីដ-១៩នោះទេ។ មានន័យថា ការចូលរួមបុណ្យ ឬទទួលសពភរិយា ក៏ដូចជាកូនចៅរបស់លោកស្រី ងួន សុផាន់នី ខាងលើនេះ គឺឃើញមានត្រឹមតែស្វាមី និងកូនចៅតែប៉ុន្មាននាក់តែប៉ុណ្ណោះ ចូលមកដុតធូបគោរពវិញ្ញាណក្ខន្ធសព។ ហើយថា ពិធីទទួលធាតុ សពលោកស្រី ងួន សុផាន់នី របស់គ្រួសារ លោក ហួរ ឡាវី ឃើញមានដាក់តុកដែកតូចមួយនៅខាងមុខផ្ទះ ដោយមានថូដាក់ធាតុ និងរូបថតសពលោកស្រី ងួន សុផាន់នី តែប៉ុណ្ណោះ។

ងាកទៅ កញ្ញា វី ឌីណែត ដែលកំពុងជាប់ព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអ៊ីនធើ កុងទីណង់តាល់) ក៏បានបង្ហោះសារជាបន្តបន្ទាប់ តាមគណនីហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំលែងមានម៉ាក់ហៅទៀតហើយៗ សូមម៉ាក់ទៅឲ្យបានសុខចុះ ហើយ ម៉ាក់កុំបារម្ភ កូននឹងមើលថែប៉ា និងអ្នកផ្ទះយើងឲ្យបានរឹងមាំ”។

យ៉ាងណាក៏ដោយចុះ ការទទួលមរណៈភាពរបស់លោកស្រី ងួន សុផាន់នី មិនថាតែ លោក ហួរ ឡាវី នោះទេ ដែលមិនបានជួបមុខភរិយាជាលើកចុងក្រោយ គឺសូម្បីតែកញ្ញា វី ឌីណែត ដែលត្រូវជាកូនសំណព្វចិត្ត ហើយធ្លាប់រស់នៅជាមួយម្តាយគ្រប់ពេលវេលានោះ ក៏មិនបានមើលថែជំងឺម្តាយពេលមានជំងឺ ជាពិសេស មិនបានឃើញមុខម្តាយជាលើកចុងក្រោយដូចកូនចៅ និងញាតិមិត្តជិតឆ្ងាយដទៃទៀត ក្នុងគ្រួសារនេះដូចគ្នាដែរ។
ត្រង់ចំណុចនេះ កញ្ញា វី ឌីណែត បានរៀបរាប់ក្នុងអារម្មណ៍ក្តុកក្តួល ដែលរូបកញ្ញា មិនត្រឹមតែមិនបានមើលថែម្តាយពេលមានជំងឺទេ សូម្បីតែមើលមុខម្តាយ និងធ្វើបុណ្យឲ្យម្តាយ ជាលើកចុងក្រោយក៏មិនបានផង ព្រោះថា បច្ចុប្បន្ននេះ កញ្ញា វី ឌីណែត ក៏កំពុងមានជំងឺកូវីដ-១៩ និងសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ក្នុងរាជធានីភ្នំពេញ។ និយាយដល់ចំណុចនេះ ឌីណែត ក៏បានបួងសួងសូមឲ្យវិញ្ញាក្ខន្ធអ្នកម្តាយ បានទៅដល់ឋានស្ងប់ក្នុងសុខគតិភពកុំបីខាន។

ជាមួយគ្នានេះ កញ្ញា វី ឌីណែត ក៏បានផ្ញើសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ជាមួយនឹងជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា ព្រោះជំងឺនេះមានភាពសាហាវបំផុត ដោយកញ្ញា បានលើកយកការស្លាប់របស់ម្តាយ ដែលផ្តើមចេញពីការឆ្លងមេរោគកូវីដ-១៩នេះ ថាមានពេលវេលាខ្លីបំផុត ក្រោយរូបគាត់ បានឆ្លងជំងឺនេះ។

ជាងនេះទៀត អ្វីដែលធ្វើឲ្យសាធារណៈជន រំជួលចិត្តថែមទៀតនោះ គឺនៅគ្រាឃើញ កញ្ញា វី ឌីណែន បានបង្ហោះរូបភាព នៃពិធីបង្សុកូលឧទ្ទិសកុសល ជូនម្តាយរបស់ខ្លួន ដែលរូបកញ្ញាផ្ទាល់ មិនអាចទៅចូលរួមផ្ទាល់ក្នុងកម្មវិធីបុណ្យ ដោយបានត្រឹមមើលឃើញកម្មវិធីនេះ តាមបណ្តាញសង្គមហ្វេសប៊ុក ឬonline ប៉ុណ្ណោះ។

ត្រង់ចំណុចនេះ កញ្ញា វី ឌីណែត បានរៀបរាប់ទំាងទឹកភ្នែកថា៖ “នាងខ្ញុំជំនួសមុខអោយក្រុមគ្រួសារ សូមសំដែងការអរគុណដល់ព្រះសង្ឃ នៅវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ម្ដាយរបស់ខ្ញុំ ងួន សុផាន់នី។ សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភពផងចុះ, ម៉ាក់ ទៅចោលកូនហើយ គឺទៅសែនឆ្ងាយ ហើយសូម្បីតែជួបមុខ ឬមើលមុខម៉ាក់ ជាលើកចុងក្រោយ ក៏មិនបានឃើញផង, ចេញទៅធ្វើបុណ្យអោយម៉ាក់ ក៏ចេញមិនកើត គឺមានតែថ្លែងអំណគុណបងប្អូនញាតិមិត្ត តាមបណ្តាញសង្គមហ្វេប៊ុក ឬ online តែប៉ុណ្ណោះ អ្នកម៉ាក់អើយ ហើយម៉ាក់ សូមកុំបារម្ភ ខ្ញុំនឹងរឹងមាំណាម៉ាក់”៕ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង