សាធារណជនថា សកម្មភាពកាយយកអាចម៍ដីចេញពីមាត់ព្រែក របស់លោកស្រី លាង ហ៊ីម បន្តមានភាពមិនប្រក្រីតីដដែល..?

ខេត្តកោះកុង៖ ប្រជាពលរដ្ឋរស់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១នេះ គេឃើញមានគ្រឿងចក្រមួយចំនួន ត្រូវបានលោកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល បញ្ចូនមកកាយយកអាចម៍ដីចេញពីមាត់ព្រែក ដែលរដ្ឋបាលខេត្តកោះកុង អះអាងថា ត្រូវលោកស្រី លាង ហ៊ីម ចាក់ដីរំលោភលើដីចំណីព្រែក និងបំផ្លាញព្រៃកោងកាង ដែលជាដីសាធារណៈរបស់រដ្ឋ មានទំហំផ្ទៃដីជាង ៤ពាន់ម៉ែត្រការ៉េ។ ប៉ុន្តែកម្មភាពនេះ ត្រូវបានសាធារណជន ជាពិសេសអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តកោះកុង ចាត់ទុកថា នៅបន្តមានភាពមិនប្រក្រតីដដែល ព្រោះគ្រឿងចក្រខាងលើនេះ បានកាយយកអាចមន៍ដីចេញកន្លែងចាស់ ផ្លាស់ទៅចាក់រំលោភយកដីសាធារណៈរបស់រដ្ឋ នៅទីតាំងថ្មីទៀត។

ផ្តើមពីបញ្ហានេះ ទាំងសាធារណជន និងក្រុមសកម្មជនការពារបរិស្ថាន បានស្នើដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ត្រូវពិនិត្យតាមដាន ចំពោះសកម្មភាព របស់លោកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល ទាក់ទិនសកម្មភាពដឹកដីចាក់រំលោភយកដីចំណីព្រែក និងបំផ្លាញព្រៃកោងកាង ក្នុងមូលដ្ឋានខេត្តកោះកុងនេះ ឲ្យបានត្រឹមត្រូវ និងឈានទៅចាត់វិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ។

ជាងនេះទៀត ក៏ស្នើឲ្យលោកស្រី មិថុនា ភូថង ត្រូវពិនិត្យមើលសកម្មភាព របស់លោកមេឃុំទទួលគគីរ ក៏ដូចជាអភិបាលស្រុកមណ្ឌលសីមា ឬថ្នាក់ដឹកនាំរូបណាខ្លះ ដែលមានជាប់ពាក់ព័ន្ធ នឹងសកម្មភាពលក់ទិញ ដីព្រែក និងដីព្រៃកោងកាង ដែលជាទ្រពសម្បត្តិសាធារណៈ របស់រដ្ឋ ដើម្បីឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ចំពោះកំហុសឆ្គងរបស់ពួកគេ។

ទាក់ទិនបញ្ហានេះ ទាំងសាធារណជន ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្ត បានអះអាងថា ពួកគេនឹងរង់ចាំមើលការចុះអនុវត្តច្បាប់ របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង ទៅលើលោកស្រី លាង ហ៊ីម ដែលបានចាក់ដីរំលោភយកចំណីព្រែក និងបំផ្លាញព្រៃកោងកាងអស់រាប់ពាន់ម៉ែត្រការ៉េ ដោយខុសច្បាប់នេះ តើមានប្រសិទ្ធភាពត្រឹមកំរិតណាដែរ? ឬមួយក៏ បានត្រឹមគោះទឹក បង្អើលត្រីឲ្យរត់ចូលមង ឬសំណាញ់នោះ?។

ទោះជាបែបនេះក្តី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់នៅក្នុងលិខិតចុះថ្ងៃទី១៩ ខែមីនាថា នឹងចាត់វិធានការតាមផ្លូវច្បាប់ បើលោកស្រី លាង ហ៊ីម មិនព្រមកាយយកអាចម៍ ដែលចាក់រំលោភចូលចំណីព្រែក និងបំផ្លាញព្រៃកោងកាង មានផ្ទៃដីជាង ០៤ពាន់ម៉ែត្រការ៉េ មានទីតាំងនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ឲ្យមកសភាពដើមវិញទេ។

បន្ថែមលើនេះ លោកស្រី មិថុនា ភូថង ក៏ត្រូវឲ្យ លោកស្រី លាង ហ៊ីម ត្រូវតែកាយយកអាចម៍ដី ដែលបានចាក់រំលោភចូលចំណីព្រែក ធ្វើឲ្យខូចខាតព្រៃកោងទាំងនោះ រក្សាឲ្យមកសភាពដើមវិញ ក្នុងរយៈពេលយ៉ាងយូរត្រឹម ០១សប្តាហ៍តែប៉ុណ្ណោះ។

លិខិតជូនដំណឹង ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ផ្ទៃដី ដែលលោកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល បានចាក់អាចម៍ដីរំលោភចូលចំណីព្រែក និងបំផ្លាញព្រៃកោងកាង នៅមូលដ្ឋានខាងលើ មានទំហំជាង ៤ពាន់ម៉ែត្រការ៉េ (៤.២៥០)។ ក្នុងនោះទំហំជាង ៣ពាន់ម៉ែត្រការ៉េ (៣.៣០២) ជាតំបន់ប្រើប្រាស់ ដោយចីរភាព ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយ អនុក្រឹត្តយលេខ១៧៩ អនក្រ.បក។

ជាងនេះទៀត ចំពោះទីតាំងដី ដែលលោកស្រី លាង ហ៊ីម អះអាងថា បានទិញពីប្រជាពលរដ្ឋ ឬដីសហគមន៍នោះ គឺក្រុមការងាររដ្ឋបាលខេត្តកោះកុង នឹងចុះសិក្សាពីសាវតាលម្អិត ថាតើ ដីនោះ ពិតជាកម្មសិទ្ធិ របស់ប្រជាពលរដ្ឋ ឬមួយក៏ អាជ្ញាធរឃុំជាអ្នកចាត់ចែង? ហើយថា ការចាត់ចែងទាំងនោះ បានបម្រើដល់ផលប្រយោជន៍ របស់សហគមន៍ដែរឬយ៉ាងណា?។

យ៉ាងនេះក្តី “កម្ពុជាថ្ងៃនេះ” នៅមិនទាន់មានប្រភពទាក់ទង លោកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល ដើម្បីបំភ្លឺជុំវិញការចេញលិខិតព្រមាន របស់រដ្ឋបាលខេត្តកោះកុង លើករណី ដែលលោកស្រី បានចាក់អាចម៍ដីរំលោភចំណីព្រែក និងបំផ្លាញព្រៃកោងកាង មានទីតាំងនៅភូមិទួលគគីរក្រោម ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា បាននៅឡើយទេ នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១នេះ៕ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង