លោក គួច ចំរើន ព្រមានប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញ របស់អាជីវករ ដោយមានចូលរួមពីមន្ត្រីរាជការ ព្រមទាំង​ពីភាគីពាក់ព័ន្ធផងដែរ។

នាឱកាសនោះ លោក គួច ចំរើន ប្រសាសន៍ថា ការបើកកិច្ចប្រជុំបន្ទាន់នេះ គឺទាក់ទងនឹងករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារ) បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

លោកអភិបាល បន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម រូបលោក ក៏បានបញ្ជូនព័ត៌មាននេះបន្ត ទៅលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។

លោក គួច ចំរើន បន្តថា ក្រោយមក រូបលោកក៏ទទួលបានព័ត៌មានពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នាដោយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ដូច្នេះរូបលោក ក៏បានណែនាំឱ្យមានការថតវីដេអូខ្លីបង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង តាមរយៈវិដេអូខ្លី ដែលភាគីទាំងពីរ(សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថា ហេតុផល នៃបញ្ហាដែលបានកើតឡើង គឺផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញ របស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។ ហើយរូបលោក ក៏បានញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទា ដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវ នូវទង្វើដែលខ្លួនបានប្រព្រឹត្ត និងត្រូវមានការដោះស្រាយជាសាធារណៈ។

លោកបន្តថា ករណីខាងលើនេះ ថ្វីត្បិតបានកើតឡើងរវាងបុគ្គល ០២នាក់ ក៏ពិតមែន ប៉ុន្តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រង របស់អាជ្ញាធរសាធារណៈ។ ដូច្នេះរូបលោក នឹងចាត់ការករណីនេះ ឱ្យបានហ្មត់ចត់ ដែលមិនអាចឱ្យកើតឡើងនូវអំពើដែលអសីលធម៌បែបនេះទៀតទេ។

នៅទីបំផុត លោក គួច ចំរើន បានសម្រេចដាក់ពិន័យ ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករ ដែលរងគ្រោះ លោកអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្ម របស់គាត់ពេលមួយឆ្នាំពេញ។

បន្ថែមលើនេះ លោក គួច ចំរើន បានណែនាំដល់អភិបាលក្រុង-ស្រុក និងអ្នកគ្រប់គ្រងផ្សារត្រូវអនុវត្តតាមសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាព របស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូរ របស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី និងត្រូវលើកស្លាកតារាងតម្លៃការបង់ថ្លៃភាស៊ី នៅតាមទីផ្សារទូទាំងខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង