​កាកបាទក្រហម​ខេត្តព្រះសីហនុ ​ផ្តល់ជំនួយមនុស្សធម៌ ​ជូន​ពលរដ្ឋងាយរងគ្រោះ១០គ្រួសារ ​កំពុងធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃ

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហម ចែកជូន​ប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ១០គ្រួសារ រស់នៅ​សង្កាត់​១ និងសង្កាត់​៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជំនួយនេះបានផ្តល់ជូន កាលពីល្ងាច​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួម លោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខា និងមន្ត្រីប្រចាំការនៅមណ្ឌលចត្តាឡីស័កផងដែរ។

ទន្ទឹមនឹងនោះ លោកនាយកសាខា ក៏បានអំពាវនាវអោយមានការចូលរួម​ កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ដោយ​ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ជាមួយការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ​អាល់កុល និងជែលជាដើម។ ហើយថា ប្រសិនបើត្រូវចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមា ឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជំនួយដែលផ្តល់ជូនពេលនេះ រួមមាន៖ អង្ករ ៣០ គីឡូក្រាម, ឃីត០១(មុង០១ ភួយ០១ សារុង០១ ក្រម៉ា០១) ទឹកស៊ីអ៉ីវ ០១យួរ, កន្ទេល០១, មី ០១កេស, ត្រីខ ១០កំប៉ុង, អាវចំនួន ០៥, ខោខ្លី ០១, សាប៊ូ ០២ដប, ស្បែកជើង ០១គូរ, ប៉ីចេង ០១កញ្ចប់, ប្រេងឆា ០១ដប, ច្រាសដុសធ្មេញ ០២ដើម, ថ្នាំដុសធ្មេញ ០២ដប, និងថវិកា ១០ម៉ឺនរៀល​៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង