កូនស្រី​យក​លុយ​២ពាន់រៀល ទៅ​ទិញ​ទឹកខ្នុរ​ក្រឡុក​​៤​ដប​​ចែក​បង​ប្អូន​ផឹក ​ត្រូវ​ម្ដាយ​ចិត្ត​អប្រិយ​​វាយ​សំពង​ដូច​សត្វ..

រាជធានីភ្នំពេញ៖ សាធារណជន បង្ហាញការភ្ញាក់ផ្អើល កាលបើឃើញវីដេអូឃ្លីមួយ ត្រូវបាន​គេ​បង្ហោះ​នៅតាម​បណ្តាញ​សង្គមហ្វេសប៊ុក ក្នុងប៉ុន្មាន​ថ្ងៃមកនេះ ដោយឃោះញស្ត្រីម្នាក់ស្លៀកសារុងចងពុង ពណ៌ក្រហម និងបង់កក្រមា បាន​វាយទាត់ធាក់ និងចាប់បោកកូនស្រី អាយុ​០៧ឆ្នាំ យ៉ាងសាហាវព្រៃផ្សៃ ដោយគ្រាន់​តែនាង​តូច​បាន​យក​លុយ​ម្ដាយ ចំនួន​២០០០រៀល ទៅទិញទឹកខ្នុរក្រឡុក ០៤ដប យកមក​ចែកបងប្អូនផឹក​នោះ។

យ៉ាងនេះក្តី អំពើ​ហិង្សា​នេះ ត្រូវ​កម្លាំង​នរគបាល ខេត្តពោធិ៍សាត់ ​ចុះស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ហើយ ​កាលពីថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅ​​ភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

​តាមរយៈវីដេអូឃ្លីបចំនួន ០២នាទី និង៣៥វិនាទី ដែលអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចែកចាយតៗគ្នា បង្ហាះថា ស្ត្រីម្នាក់ស្លៀកសារុងចងពុង ពណ៌ក្រហម បង់កក្រមា បានវាយធ្វើបាបក្មេងស្រីតូចម្នាក់ ដែលក្រោយមកត្រូវ​គេដឹងថា ត្រូវជាកូនស្រី របស់ស្ត្រីហិង្សាខាលើ ដោយក្មេងស្រីរូបនោះ ពាក់អាវពណ៌លឿង អាយុ​០៧ឆ្នាំ ដោយរូបភាពវីដេអូឃ្លីបនេះ បង្ហាញពីការប្រើអំពើហិង្សាយ៉ាងហាវព្រៃផ្សៃបំផុត មានដូចជា៖ ចាប់បោក​ទៅ​នឹងដី រួច​ទះ​កំផ្លៀងជាច្រើនដៃ រួចទាត់ធាក់ រហូតកូនស្រីដេកដួលនៅលើដី។ ការប្រើអំពើហិង្សា របស់ស្ត្រីរូបនេះ ទៅលើកូនស្រី ទោះបីនាងតូចបានទួញយំ និងលើកដៃសំពះអង្វរករបែបណាក្តី ក៏ស្រីរូបនោះមិនបញ្ឈប់ការកប្រើអំពើហិង្សាដែរ។

ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង កាលពីថ្ងៃទី២០ ខែមីនា​ថា បន្ទាប់ពីទទួលបានព័ត៌​មា​ន​ហិង្សា​ខាងលើនេះ​ភ្លាម កម្លាំងជំនាញ នៃនាយកដ្ឋាន សហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីបើកការស្រាវជ្រាវ។

លោកបន្តថា ករណីហិង្សាក្នុងគ្រួសារ​នេះ បានបង្កឡើង​ដោយម្តាយ​បង្កើតឈ្មោះ វ៉ែន សុធន់ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បានវាយ​កូនស្រី​បណ្តាលឲ្យ​រងរបួស កាលពីវេលាម៉ោង ០៩ និង​​៣០នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នឹងផ្ទះ​មុខស្ថិតនៅ ភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រីឯក្មេងស្រីជន​រងគ្រោះឈ្មោះ ឈឿន ណារី អាយុ០៧ឆ្នាំ ត្រូវ​ជាកូនបង្កើត។

ប្រធាននាយកដ្ឋាន បានបញ្ជាក់អំពីមូលហេតុហិង្សានេះថា កាលពីនៅថ្ងៃទី២០ ខែមីនា វេលាម៉ោង​ជាង ០៨ព្រឹក ក្មេងស្រីជនរងគ្រោះ បានយកលុយចំនួន ២០០០រៀល ទៅទិញទឹកខ្នុរក្រឡុកចំនួន ០៤ដបចែកបងប្អូន​ផឹក។ ប៉ុន្តែក្រោយបាន មកដល់ផ្ទះម្តាយ ក៏បានសួរនាំកូន ហើយកូនស្រីតូច​ខាងលើ ក៏បានឆ្លើយប្រាប់ថា មកពីទិញទឹកខ្នុរក្រឡុក ចែកបងប្អូនផឹក ស្រាប់តែម្តាយស្ទុះទៅ វាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដី​បណ្តាលឲ្យក្មេង​រងគ្រោះរបួស​គ្រាំខាងក្នុងខ្លួន។ មូលហេតុដោយសារ ក្មេងរងគ្រោះយកលុយ ទៅចាយអស់ ២០០០រៀល ទើបត្រូវ​ម្តាយវាយធ្វើបាប​បែបនេះ​។

​អ្នកច្បាប់ម្នាក់ បានលើកឡើង​នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១​នេះថា តាមពិតរឿងនេះ ជាករណីផ្ទាល់ខ្លួនគ្រួសារ របស់គាត់ ដែលបានដាក់វិន័យ ដោយសារបានប្រដៅកូនជ្រុលហួសហេតុពេក។ លោកបន្តថា បើម្ដាយ​ធ្វើខុស ឬប្រដៅកូនជ្រុលហួសហេតុពេក សមត្ថកិច្ច ត្រូវតែហៅគាត់មកអប់រំកែប្រែអំពីររៀបប្រដៅកូន ហើយបើតុលាការ​រកឃើញថា មានទោសកំហុសវិញគួរ​តែ​ព្បួរទោស ដើម្បីឲ្យរូបគាត់ចិញ្ចឹម​បីបាច់​ថែរក្សា​កូនតូចៗ​ជាច្រើន​នាក់ទៀត ព្រោះរដ្ឋយើងក្រីក្រ ពុំមានប្រាក់ចិញ្ចឹមដូចនៅ​ស្រុកអាមេរិក​នោះទេ៕

អត្ថបទដែលជាប់ទាក់ទង