រដ្ឋមន្រ្តីក្រសួងធម្មការ ស្នើឲ្យតុលាការចាត់វិធានការផ្លូវច្បាប់ ចំពោះលោក ផែង វណ្ណៈ ​ចោទ​ពីបទប្រមាថ​ព្រះសង្ឃ..

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាកម្ពុជា លោក ឈិត សុខុន ​បានផ្ញើលិខិតមួយច្បាប់ដាក់ជូនទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ស្នើឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះ ឈ្មោះ ផែង វណ្ណៈ ដែលបានប្រើប្រាស់ពាក្យសម្តី និងសំណេរ ប្រមាថដល់អាយុជីវិតរបស់ ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តបូណ៍ ខេត្តសៀមរាប។

យោងតាមលិខិត ដែល “កម្ពុជាថ្ងៃនេះ” ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២១ មានចុះហត្ថលេខា លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ផ្ញើ​ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ​មានខ្លឹម​សារ ដោយ​ស្នើឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ ចំពោះលោក ផែង វណ្ណៈ ចំនួន ០៣បទល្មើស រួមមានបទ៖ ប្រមាថចំពោះព្រះសង្ឃ តាមមាត្រា៥១៦, បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែង​ថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

លិខិ​តដដែល បានបញ្ជាក់ថា​ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះ វីដេអូផ្សាយផ្ទាល់(Live) លើផេករបស់ខ្លួន ដែលមានឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថ​មកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែងញុះញង់ ឲ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ មិនតែប៉ុណ្ណោះ បានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត របស់អ្នកបួស ដោយបាននិយាយថា “ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង ចំពោះអ្នកប្រព្រឹត្ត” ដែលជាចេតនាគម្រាមកំហែងថានឹងសម្លាប់ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូ ចៅ​អធិការវត្តបូណ៍ នូវពាក្យមិនពិតដោយពោលថា “លោកជាជនរងគ្រោះ រត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង” និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដី​ថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង។

លោក ឈិត សុខុន បានបញ្ជាក់នៅក្នុងលិខិតបន្តទៀតថា “ក្នុងនាមក្រសួងធម្មការ និងសាសនា សូមថ្កោលទោសលើបុគ្គលឈ្មោះ ផែង វណ្ណៈ ចំពោះសកម្មភាព ដូចបានរៀបរាប់ខាងលើនេះ និងស្នើសុំឲ្យ ឯកឧត្តមព្រះរាជអាជ្ញា ចាត់វិធានការចំពោះបុគ្គលរូបនេះ តាមច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ​សូម ឯកឧត្តមព្រះរាជអាជ្ញា មេត្តាធ្វើការចោទប្រកាន់ជនល្មើស ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន”។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) និងបានសរសេរសារជា Comment ថែមទៀត ដោយបានប្រមាថដល់ ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តបូណ៍ យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានវីដេអូឃ្លីមួយ ត្រូវបានគេផ្សព្វផ្សាយតាមហ្វេសប៊ុក ដែលព្រះសង្ឃវត្តបូណ៍ បានដាក់ពិន័យដោយរំពាត់ ទៅលើសាមណេរប៉ុន្មានអង្គ ដែលប្រព្រឹត្តខុសវិន័យសង្ឃ​ និងវិន័យក្នុងវត្តបូណ៍។

ការប្រើប្រាស់ពាក្យសម្តី និងសំណេរប្រមាថ របស់ លោក ផែង វណ្ណៈ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្តាញសង្គមហ្វេសប៊ុក បន្តរហូតមកដល់ពេលនេះ។

ដោយឡែក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន របស់ លោក ផែង វណ្ណៈ។ ខណៈពុទ្ធសាសនិកមួយចំនួនទៀត ទាមទារឲ្យចាត់វិធានការផ្លូវច្បាប់បន្ថែម ទៅលើបុគ្គលរូបនេះ ឲ្យបានធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយចុះ ចំពោះករណីនេះ លោក ផែង វណ្ណៈ ក៏បានធ្វើលិខិតសុំទោសជាសាធារណៈ​ កាលពីពេលថ្មីៗនេះ ហើយក៏បានធ្វើដំណើរទៅកាន់វត្តបូណ៍ ដើម្បីសុំទោស ព្រះមហាវិមលធម្ម ពិន សែម ចំពោះទង្វើប្រមាថ របស់លោក ចំពោះព្រះអង្គផងដែរ៕

អត្ថបទដែលជាប់ទាក់ទង