ក្រសួងសុខាភិបាលប្រកាសថា ព្រឹកថ្ងៃចន្ទនេះ មានអ្នកជំងឺកូវីដ-១៩​ម្នាក់ទៀត បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២១នេះ ឲ្យដឹងថា ​មានមនុស្សវ័យ ៧៥ឆ្នាំម្នាក់ទៀត បានស្លាប់ដោយជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្ស៊ី​។

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកស្លាប់នេះ គឺបុរសវ័យ ៧៥ឆ្នាំ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ​ត្រូវបានមន្ត្រីសុខាភិបាល រកឃើញថា កើតជំងឺកូវីដ-១៩ កាលពីយប់មិញ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

ក្រសួងសុខាភិបាល ឲ្យដឹងបន្តថា បុរសជាអ្នកជំងឺកូវីដខាងលើនេះ បានរលាកសួតធ្ងន់ធ្ងរ ធ្វើឲ្យជំងឺធ្វើទុក្ខខ្លាំង។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យ ក៏បានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ ១០ម៉ោង។ តែជាអកុសល មិនអាចជួយសង្គ្រោះបាន និងទទួលមរណភាព នាព្រឹកថ្ងៃទី២២ ខែមីនានេះ​។ អ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់នេះ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ ឯកទេសជំងឺកុមារ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនានេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន០៤នាក់​ បានស្លាប់​ រួមមាន៖

ទី១- បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ ឈ្មោះ ឡៅ សុវណ្ណា បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១

ទី២-ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)

​ទី៣- បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

​ទី៤- បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង