សាធារណជនស្នើសម្តេច ហ៊ុន សែន បញ្ជូនមន្ត្រីចុះស៊ើបអង្កេត តើមន្ត្រីឬបុគ្គលរូបណាខ្លះ ជាប់ពាក់ព័ន្ធបទល្មើសដឹកដី​លុបឆ្នេរសមុទ្រ នៅស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ សាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានស្នើដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះស៊ើបអង្កេត ទៅលើសកម្មភាព នៃបទល្មើសដឹកអាចម៍ដីចាក់លុបឆ្នេរសមុទ្រដោយខុសច្បាប់ មានទីតាំងនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ថាតើមន្ត្រី ឬបុគ្គលរូបណាខ្លះ ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ? ព្រោះបើគិតមកត្រឹមថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះទៅហើយ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ នៅមិនទាន់វែករកមុខបុគ្គលល្មើស ដែលដឹកដីលុបឆ្នេរសមុទ្រនេះ ឃើញនៅឡើយទេ។

ចំពោះបញ្ហានេះ ប្រជាពលរដ្ឋភាគច្រើន បានលើកជាចម្ងល់ថា មូលហេតុអ្វីបានជា អាជ្ញាធរឃុំអូរត្រេះ និងអាជ្ញាធរស្រុកស្ទឹងហាវ វែករកមុខបុគ្គល ឬឈ្មួញ ដែលចាក់ដីលុបឆ្នេរសមុទ្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន មិនឃើញ ឬមួយក៏អាជ្ញាធរទាំងនោះ មានចេតនាចង់លាក់បាំងអ្នកនៅពីក្រោយល្មើសបទល្មើសនេះ។

ត្រង់ចំណុចនេះ ទាំងសាធារណជន និងពលរដ្ឋខេត្តព្រះសីហនុ បានសំណូមពរដល់សម្តេច ហ៊ុន សែន ជួយបញ្ជូនមន្ត្រីឲ្យចុះស៊ើបអង្កេត និងឈានទៅចាត់វិធានការក្តៅ ចំពោះមន្ត្រី ក៏ដូចជាបុគ្គលទាំងឡាយណា ដែលជាប់ពាក់ព័ន្ធបទល្មើសដឹកអាចម៍ដីចាក់លុបឆ្នេរសមុទ្រ ក្នុងបំណងរំលោភដីចំណីឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិខុសច្បាប់ ត្រូវនាំខ្លួនទៅផ្តន្ទាទោស ដើម្បីព្រមានដល់មន្ត្រី និងបុគ្គលដទៃទៀត កុំឲ្យបន្តប្រព្រឹត្តបទល្មើសនេះទៀតនាថ្ងៃខាងមុខ។

បញ្ហានេះដែរ លោក អ៊ុង ឆាលី អភិបាលរងស្រុកស្ទឹងហាវ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដឹងថា នៅព្រឹកថ្ងៃទី២២ ខែមីនានេះ រដ្ឋបាលស្រុក បានបន្តនាំយកគ្រឿងចក្រ មកជីកកាយយកអាចម៍ដី ចេញពីឆ្នេរសមុទ្រ ដែលជនល្មើសចាក់លុបខុសច្បាប់ខាងលើនេះជាបន្តទៀត ដោយអនុវត្តតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកស្ទឹងហាវ។ យ៉ាងនេះក្តី មន្ត្រីរូបនេះ នៅមិនទាន់បញ្ជាក់ច្បាស់ថា នៅថ្ងៃណាទើបកាយយកអាចម៍ដីចេញពីឆ្នេរសមុទ្រខាងលើនេះ រួចរាល់នោះទេ។

ឆ្នេរសមុទ្រ ដែលជនល្មើសដឹកដីចាក់លុបនេះ មានទីតាំងនៅតាមបណ្តោយវិថីសម្តេច ហ៊ុន សែន ទល់មុខឃ្លាំងស្តុកប្រេងឥន្ទនៈក្រុមហ៊ុនកម្ពុជា-តេលា ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ហើយបទល្មើសនេះ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ បានអះអាងថា ស្រាវជ្រាវរកមិនទាន់ឃើញ អ្នកនៅពីក្រោយសកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រ ម្តុំជិតឆ្នេរព្រែកត្រែងនេះនៅឡើយទេ។ ប៉ុន្តែការបកស្រាយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ចាត់ទុកថា ជាការដោះសារឲ្យរួចពីមាត់ និងគ្មានការទទួលខុសចំពោះការងាររបស់ខ្លួនទេ។ ហើយការឆ្លើយដោះសារ របស់មន្ត្រីរដ្ឋបាលស្រុកស្ទឹងហាវ ថារកមិនឃើញអ្នកនៅពីក្រោយខ្នង នៃបទល្មើសដឹកដីលុបឆ្នេរសមុទ្រ នៅតាមបណ្តោយឆ្នេរព្រែកត្រែងនេះ គឺជាការឆ្លើយដោះសារឲ្យរួចតែពីមាត់តែប៉ុណ្ណោះ ត្បិតបទល្មើសនេះ បានធ្វើសកម្មភាពដោយចំហ ហើយនៅជាប់ផ្លូវធ្វើដំណើរ របស់មន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ ចេញចូលទៅធ្វើការ ជារៀងរាល់ថ្ងៃ។

ចំពោះបទល្មើសនេះ សាធារណជន ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ថ្លែងហួសចិត្ត និងបង្ហាញភាពអស់ជំនឿទៅលើប្រសិទ្ធភាព នៃការដឹកនាំ របស់អាជ្ញាធររដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបាលខេត្តព្រះសីហនុ ដែលសូម្បីតែបទល្មើសកើតឡើងនៅនឹងមុខ ប៉ុន្តែបែរជាស្រាវជ្រាវវែករកមុខ ជនល្មើសដឹកដីចាក់លុបឆ្នេរសមុទ្រទាំងនោះមិនឃើញ ហើយអាចគេចផុតពីការផ្តន្ទាទោសទៅវិញ?។

យ៉ាងណាក៏ដោយចុះ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្ទឹងហាវ បានចេញសេចក្តីជូនដំណឹង ជម្រាបជូនអ្នកជាប់ពាក់ព័ន្ធ នឹងសកម្មភាពលួចដឹកដី និងថ្ម ចាក់លុបឆ្នេរសមុទ្រ នៅតាមកំណាត់ផ្លូវលេខ១៤៨ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ត្រូវកាយយកអាចម៍ដីចេញពីឆ្នេរសមុទ្រដែលចាក់លុបនោះចេញវិញ និងត្រូវចេញមុខមកដោះស្រាយជាមួយ អាជ្ញាធររដ្ឋបាលស្រុកស្ទឹងហាវ ឲ្យបានឆាប់ ប៉ុន្តែរហូតមកដល់ថ្ងៃទី២២ ខែមីនានេះ រដ្ឋបាលស្រុកស្ទឹងហាវ នៅមិនទាន់វែករកមុខអ្នកនៅពីក្រោយ សកម្មភាពដឹកអាចម៍ដី និថ្ម ចាក់លុបឆ្នេរសមុទ្រក្នុងមូលដ្ឋាននេះ ឃើញនៅឡើយទេ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋខេត្តព្រះសីហនុ មានចម្ងល់ថា សកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រ ដោយខុសច្បាប់នេះ គឺនៅជាប់តាមបណ្តោយផ្លូវដែល លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ធ្វើដំណើរឆ្លងកាត់ចេញចូលធ្វើការស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្តែមូលហេតុអ្វីបានជា លោក ឆាយ សុគន្ធដា មើលមិនឃើញ និងមិនមានវិធានការទប់ស្កាប់បទល្មើសនេះភ្លាមៗទៅវិញ?៕  “កម្ពុជាថ្ងៃនេះ”

អត្ថបទដែលជាប់ទាក់ទង