នគរបាលស្រុកព្រៃនប់ ឃាត់រថយន្ត៤គ្រឿង បើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក នៅព្រំប្រទល់ខេត្តព្រះសីហនុ-តកំពត

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានរថយន្តចំនួន ០៤គ្រឿង បានបើកគេចវេសប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។

សមត្ថកិច្ចបានបន្តថា អ្នកបើកបររថយន្តទាំង ០៤ រួមមាន៖ ឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ បើកបររថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-4776។ ឈ្មោះ អុឹម ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ បើកបររថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-0439។ ឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ បើកបររថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3F-1173។ ឈ្មោះ ណាក់ រ័ត្ន ភេទប្រុស បើកបររថយន្តម៉ាក សាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3BD-0184។

យោងតាមច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០ “បទមិនគោរពវិធានការរដ្ឋបាល” ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង