សាលាខេត្តសៀមរាប ប្តឹងលោក ផែង វណ្ណៈ ទៅតុលាការផ្តន្ទាទោស៣បទល្មើស លើករណីប្រមាថ​មន្ត្រីរាជការសាធារណៈ

ខេត្តសៀមរាប៖ សាលាខេត្តសៀមរាប បានសម្រេចដាក់ពាក្យបណ្តឹងប្តឹង ឈ្មោះ ផែង វណ្ណៈ ចំនួន ០៣បទល្មើស ពាក់ព័ន្ធបទញុះញង់ឱ្យមានការរើសអើង, បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងបទប្រមាថ ចំពោះអ្នករាជការសាធារណៈ។

ពាក្យបណ្តឹងខាងលើនេះ ធ្វើឡើងតាមរយៈ លោកមេធាវី អ៊ុន ច័ន្ទថុល ជាតំណាងឲ្យសាលាខេត្តសៀមរាប ដោយពាក្យបណ្តឹងននេះ បានដាក់ប្តឹង ទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ខ្លឹមសារ នៃពាក្យបណ្តឹងរបស់សាលាខេត្តសៀមរាប បានប្តឹងលោក ផែង វណ្ណៈ អាយុ៥២ឆ្នាំ ពីបទ៖ ញុះញង់ឲ្យមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៦, បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន បញ្ញាត្តិមាត្រា៤៩៧ និងបទប្រមាថចំពោះអ្នករាជការសាធារណៈ បញ្ញត្តិមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តឡើងកាលពីអំឡុងថ្ងៃទី១៤-១៥-១៦ ខែមីនា ឆ្នាំ២០២១។

ការសម្រេចដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ផែង វណ្ណៈ ទៅកាន់តុលាការនេះ មេធាវីតំណាងសាលាខេត្តសៀមរាប បានផ្អែកទៅលើភស្តុតាងវីដេអូឃ្លីប និងសំណេរ របស់លោក ផែង វណ្ណៈ បានចុះផ្សាយលើទំព័រហ្វេសប៊ុក “Pheng Vannak News” នៅថ្ងៃទី១៤ និងទី១៥ ខែមីនា ឆ្នាំ២០២១។ លោក ផែង វណ្ណៈ តាមរយៈការផ្សាយផ្ទាល់តាមផេក ឬហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៤-១៥ ខែមីនា បាននិយាយរិះគន់ និងបរិហារខ្លាំងៗ ទៅលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តសៀមរាប ដែលចូលរួមសម្របសម្រួល និងធ្វើកំណត់ហេតុ ករណីហឹង្សាបានកើតឡើង រវាងព្រះសង្ឃ និងព្រះសង្ឃក្នុងវត្តរាជបូណ៌ ដោយប្រើពាក្យអសុរោះ មិនគួរគប្បី និងពាក្យប្រមាថចំពោះអ្នករាជការសាធារណៈ ដោយនិយាយថា៖ “ដល់ថ្នាក់ចៅហ្វាយខេត្តរង, ដល់ថ្នាក់ស្នងការរង ទៅសន្និដ្ឋានរឿងក្រឡិបិអញ្ជឹង។…ប៉ុន្តែបែរជានាំគ្នាទៅសន្និដ្ឋានទាំងល្ងីល្ងឺពកថ្ងាស ច្រាសបាយរាជការ ប៉ុន្តែទៅសន្និដ្ឋានទាំងល្ងីល្ងឺពកថ្ងាស សុទ្ធតែមិនមែនករណីហិង្សា មិនមែនធ្វើទារុណកម្ម តើជាករណីស្អីបើសិនជាអញ្ជឹងមែន? ច្បាប់នៅសៀមរាប បើមានធ្វើអញ្ជឹងមែន ស្អែក ខានស្អែក ខ្ញុំឡើងទៅសុំវាយក្បាលមនុស្ស បួនដប់នាក់នោះថា ខ្ញុំអប់រំ កុំចាប់ខ្ញុំ ទៅវាយក្បាលពួកអ្នកគណៈកម្មការនោះ មានទាំងមន្ត្រីប៉ុន្មានហ្នឹង ទៅដាក់ ក្បាលម្នាក់មួយរំពាត់ៗ កុំចាប់ខ្ញុំ ព្រោះខ្ញុំគ្រាន់តែអប់រំថា កុំឲ្យធ្វើអញ្ជឹងថ្ងៃក្រោយ, កុំចាប់ខ្ញុំ ព្រះរាជអាជ្ញាកុំចាប់ខ្ញុំ, ខ្ញុំវាយផ្តៅដូចគ្នា ខ្ញុំទៅវាយមន្រ្តីទាំងអស់ហ្នឹង ថាខ្ញុំរាស្ត្រម្ចាស់ឆ្នោត ខ្ញុំអត់ពេញចិត្តនឹងទង្វើ របស់អ្នកឯង។ អញ្ជឹង ខ្ញុំសុំយកផ្តៅហ្នឹងទៅដាក់អ្នកឯងបួនដប់ផ្តៅ អាហ្នឹងវាជាវិន័យរបស់រាស្ត្រ មកសន្និដ្ឋានបង្គ្រប់កិច្ច ចេះតែមានម៉ង វាហួសហេតុ..”។

ពាក្យបណ្តឹងរបស់សាលាខេត្តសៀមរាប បានស្នើសុំឲ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប មានចំណាត់ការផ្លូវច្បាប់ទៅលើឈ្មោះ ផែង វណ្ណៈ ចំនួនពីរចំណុចរួមមាន៖
ទី១- ស្នើសុំពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោស ឲ្យបានធ្ងន់ធ្ងរបំផុតលើឈ្មោះ ផែង វណ្ណៈ តាមបញ្ញតិ្តមាត្រា នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ទី២- សុំទាមទារសំណងជំងឺចិត្តពីឈ្មោះ ផែង វណ្ណៈ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ កិត្តិយសរបស់អ្នករាជការសាធារណៈ នៃសាលាខេត្តសៀមរាប ចំនួន ១០០,០០០,០០០ (មួយរយលានរៀល)។

ដោយឡែក ទាក់ទិនការប្រើវិន័យ​ដោយវាយ​នឹងរំពាត់ ទៅលើព្រះសង្ឃប៉ុន្មានអង្គគង់ នៅវត្តរាជបូណ៌ខេត្តសៀមរាប​​ លោក ផែង វណ្ណៈ មិនត្រឹមតែប្រមាថចំពោះមន្ត្រីរាជការ ដែលចុះទៅសម្របសម្រួល ​បញ្ហាខាងលើនេះទេ បុគ្គលរូបនេះ ក៏បានប្រើសម្តីប្រមាថដល់អាយុជីវិត របស់ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តបូណ៍ ថែមទៀតផង។ ហើយថា សម្តីប្រមាថនេះ​​ លោក ផែង វណ្ណៈ ខ្លួនឯងផ្ទាល់​ ក៏បានធ្វើលិខិតសុំទោសជាសាធារណៈ​ និងបានធ្វើដំណើរទៅកាន់វត្តរាជបូណ៍ ដើម្បីសុំទោស ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៍ ចំពោះទង្វើប្រមាថ​របស់លោក ចំពោះព្រះអង្គ​ រួចហើយដែរ។

ចំណែក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា​ ក៏បានធ្វើលិខិតមួយច្បាប់ជូន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដោយស្នើឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ដែលបានប្រើប្រាស់ពាក្យសម្តី និងសំណេរ ប្រមាថដល់អាយុជីវិត របស់ ព្រះមហាវិមលធម្ម ពិន សែម ដោយ​ប្តឹង លោក ផែង វណ្ណៈ ​​ពីបទប្រមាថសាសនា និងប្រមាថព្រះសង្ឃ​។

ការប្រើប្រាស់ពាក្យសម្តី និងសំណេរប្រមាថ របស់ លោក ផែង វណ្ណៈ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។

ដោយឡែក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន របស់ លោក ផែង វណ្ណៈ។ ខណៈពុទ្ធសាសនិកមួយចំនួនទៀត ទាមទារឲ្យចាត់វិធានការផ្លូវច្បាប់បន្ថែម ទៅលើបុគ្គលរូបនេះ​ឲ្យបានធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង