នគរបាលខេត្តពោធិ៍សាត់ ​ឃាត់ខ្លួនបុរសម្នាក់រត់គេចពីភ្នំពេញ ព្រោះ​ជាប់ពាក់ព័ន្ធ​អ្នកវិជ្ជមានមេរោគកូវីដ-១៩

ខេត្តពោធិ៍សាត់​៖ កម្លាំងចម្រុះ នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២១នេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ដែលមានជាប់ពាក់ព័ន្ធ​ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ហើយបានព្យាយាមរត់គេចខ្លួន ពីរាជធានីភ្នំពេញ ​ប៉ុន្តែត្រូវបានកម្លាំងជំនាញ ចុះស្រាវជ្រាវឃាត់ខ្លួនបាន នៅភូមិដំណាក់អំពិលក្រោម សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោយបុរគ្គលរូបនេះ មិនបានសហការជាមួយសមត្ថកិច្ចជំនាញ។

​សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា បុគ្គលដែលរត់គេចខ្លួន និងមិនសហការជាមួយសមត្ថកិច្ចរូបនេះ មានឈ្មោះ មួន សុភាន់ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនសង្ស័យ បានគេចចេញពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ចំនួន០២យប់ និង០៣ថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់នគរមាស ចំនួន០២យប់ នៅបន្ទប់១០១, ចូលទៅស្រស់ស្រូបអាហារនៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង, ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះ និងចូលផឹកស៊ីនៅសំនៀងសុខសាន្ត និងអាចចូលទៅកន្លែងផ្សេងៗទៀត..។

ប្រភពបានបន្តថា រៀងរាល់ចុះទៅទីតាំងនីមួយៗ គឺមានម៉ូតូឌុបចំនួន ០២នាក់ ជាអ្នកផ្លាស់ប្តូរគ្នាដឹកជញ្ជូន។ ហើយក្រោយមក កម្លាំងចម្រុះ ក៏បានស្រាវជ្រាវឃាត់ខ្លួន ម៉ូតូឌុប០២នាក់ និងប្រពន្ធម៉ូតូឌុប ០១នាក់បន្ថែមទៀត ដែលសរុបរួមទាំងជនសង្ស័យមានចំនួន ០៤នាក់ ដើម្បីនាំយកមកពិនិត្យសំណាក រង់ចាំការធ្វើតេស្ត រកជំងឺកូវីដ-១៩។

ដោយឡែក ចំពោះទីតាំង​ ដែលជនពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ បានចូលទៅដល់ ពេលនេះ គឺត្រូវបានសមត្ថកិច្ច ​​ហាមឃាត់មិនឲ្យមានមនុស្សចេញចូល និង​ផ្អាកដំណើរការបើកធ្វើអាជីវកម្ម​ ជាបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង