អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ជាមន្រ្តីនគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី​

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ​បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា មាន​អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩​។ ក្រសួងបញ្ជាក់ថា ជនរងគ្រោះ គឺជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

អ្នកជំងឺកូវីដ-១៩រូបនេះ បានចូលទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង ០៣ និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ គាំងបេះដូង និងបាត់បង់ស្មារតី។ ហើយក្រោយមក​អ្នកជំងឺ បានស្លាប់នៅវេលាម៉ោង ០៤រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យក៏យកសំណាកទៅពិនិត្យ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។

គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១នេះ អ្នកជំងឺកូវីដ-១៩ ចំនួន០៨នាក់ហើយ បានស្លាប់បាត់​ដោយសារជំងឺកូវីដ-១៩ រួមមាន៖

​១- បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

២- ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)។

​៣- បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

៤- បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

៥- ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៦- ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

​៧- ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។

៨- ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្តីពីករណីស្លាប់បុរសជនជាតិខ្មែរ អាយុ​ ៥៥ឆ្នាំ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ​ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២១​៖​

អត្ថបទដែលជាប់ទាក់ទង