ក្រសួងសុខាភិបាល ​កំណត់ពីចំនួនមនុស្ស និងទីតាំងត្រូវពាក់ម៉ាស់ បង្ការការឆ្លងជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ ​ក្រសួងសុខាភិបាល បាន​កំណត់​ពីចំនួនមនុស្ស និងទីតាំង ដែល​ត្រូវពាក់ម៉ាស់ ដើម្បីបង្ការការពារ ពីការឆ្លងរីករាលដាល់ នៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ នៅទីសាធារណៈមានមនុស្សច្រើន ឬកន្លែងជួបជុំមានមនុស្សចាប់ពី ០២នាក់ឡើងទៅ គឺតម្រូវឱ្យបុគ្គលគ្រប់រូប ត្រូវតែពាក់ម៉ាស់ ឲ្យបានគ្រប់ពេលវេលា បើមិនពាក់ម៉ាស់ទេ នឹងត្រូវពិន័យ​ចាប់ពី ២០ម៉ឺន ទៅ ០១លានរៀល។

​ការកំណត់ពីចំនួនមនុស្ស និងទីតាំងត្រូវពាក់ម៉ាស់ របស់ក្រសួងសុខាភិបាលនេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាស​ព័ត៌មាន​ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២១ ​​មានខ្លឹមសារថា ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់រួមមាន៖

– បុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត

– បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់ដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ

– អ្នកបើកបរយានគ្រប់ប្រភេទ ដែលជាមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន

– អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន

– អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន៖ បុគ្គលិកជួរមុខនៅតាមសហគ្រាស ឬគ្រឹះស្ថាន ឬទីតាំងអាជីវកម្មនានា, មន្ត្រីនិងបុគ្គលិកសុខាភិបាល, អ្នកផ្តល់សេវាព្យាបាលដោយចលនា, បុគ្គលដែលបម្រើការនៅក្នុងភោជនីយដ្ឋាន​ឬអាហារដ្ឋាន, បុគ្គលិកផ្ទះសំណាក់ឬសណ្ឋាគារ, បុគ្គលិកដែលផ្តល់សេវាម៉ាស្សា-កោសជប់ និងបុគ្គលផ្សេងទៀត ដែលផ្តល់សេវាផ្ទាល់ជាមួយអតិថិជន

– បុគ្គលផ្សេងទៀត ដែលកំពុងស្ថិតនៅតាមទីសាធារណៈ ហើយមានមនុស្សច្រើន ឬទីកន្លែងដែល មានការជួបជុំមនុស្សចាប់ពី ២ (ពីរ) នាក់ឡើងទៅ។

​សេចក្តីប្រកាសព័ត៌មានដដែល ​ក៏បានបញ្ជាក់ថា ចំពោះរាល់សហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម រួមមានជាអាទិ៍៖ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ គ្លីនិក ឬមន្ទីរសម្រាកព្យាបាលជំងឺ ឱសថស្ថាន ផ្សារទំនើប ហាងលក់ទំនិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថ រោងចក្រ សិប្បកម្ម ឬទីកន្លែងធ្វើការ ឬទីកន្លែងអាជីវកម្មដទៃទៀត ត្រូវត្រួតពិនិត្យ និងណែនាំបុគ្គលិក និងបុគ្គលគ្រប់រូប ដែលចូលទៅទីកន្លែង របស់ខ្លួន ឱ្យពាក់ម៉ាស់ ហើយមិនត្រូវអនុញ្ញាតឱ្យបុគ្គល ដែលមិនពាក់ម៉ាស់ចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ។ លើកលែងតែ ចំពោះបុគ្គលដែលត្រូវបានអនុញ្ញាត ឱ្យរួចផុតពីកាតព្វកិច្ចពាក់ម៉ាស់ ដូចមានចែងក្នុងកថា ខណ្ឌទី៣ និងទី៤ នៃប្រការ៣ នៃប្រកាសនេះ។

សេចក្តីប្រកាស​នេះ ក៏បានបញ្ជាក់ផងដែរ ពីទីតាំងភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់។ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ត្រូវបានធ្វើឡើងនៅភូមិសាស្ត្រ ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលត្រូវបានកំណត់តាមការជូនដំណឹង របស់ក្រសួងសុខាភិបាល។

សម្រាប់ភូមិសាស្ត្រ ដែលមិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងបានលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូប ប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង៣ការពារ​» ដើម្បីបង្ការការចម្លង ឬការឆ្លងមេរោគកូវីដ-១៩។

​សេចក្តីប្រកាសនេះ​បន្តថា ចំពោះបុគ្គលដែលមិនអនុវត្តកាតព្វកិច្ច នៃការពាក់ម៉ាស់ ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវទទួលទណ្ឌកម្មដូចមានចែង ក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា១៩ នៃអនុក្រឹត្យ បានចែងថា អ្នកមិនពាក់ម៉ាស់ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០០,០០០រៀល ទៅ ១,០០០,០០០រៀល។

យ៉ាងនេះក្តី សេចក្តីប្រកាសព័ត៌មាននេះ ក៏បានបញ្ជាក់ពីបុគ្គល ដែលបានលើកលែងមិនឱ្យពាក់ម៉ាស់ផងដែរ រួមមាន៖

– កុមារអាយុក្រោម ០៦ឆ្នាំ (ប្រាំមួយ)​ ដែលមិនមែនជាបុគ្គល ដែលមានវិជ្ជមានកូវីដ-១៩ ឬជា​បុគ្គល ដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក

– បុគ្គលដែលមិនអាចពាក់ម៉ាស់ បានដោយមូលហេតុកាយសម្បទា ឬមូលហេតុសុខភាព ដោយមានការបញ្ជាក់ពីគ្រូពេទ្យ

– បុគ្គលដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយគ្នា ក្នុងអំឡុងពេល នៃការជួបជុំគ្នានៅក្នុងលំនៅឋាននោះ

– ក្នុងអំឡុងពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គល ដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា

– សម្រាប់កីឡាករ-កីឡាការីនី ក្នុងអំឡុងពេលកំពុងហាត់សម ឬពេលកំពុងប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ ដែលការពាក់ម៉ាស់មិនអាចធ្វើទៅបាន

– ក្នុងកាលៈទេសៈដែលមានការតម្រូវឱ្យដោះម៉ាស់ជាចាំបាច់ ដើម្បីបង្ហាញអត្តសញ្ញាណបុគ្គល ឬដើម្បីទទួលសេវាសុខាភិបាល ឬសេវាចាំបាច់ផ្សេងទៀត

– ក្នុងកាលៈទេសៈ នៃសកម្មភាពដែលចាំបាច់ត្រូវដោះម៉ាស់ជាអាទិ៍ នៅពេលបរិភោគអាហារ និងភេសជ្ជៈ ឬនៅពេលថតរូបសម្រាប់ប្រើប្រាស់ ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ។

ទោះជាបែបនេះក្តី ចំពោះកាតព្វកិច្ចនៃការពាក់ម៉ាស់នេះ ក៏អាចត្រូវ​លើកលែងផងដែរ ចំពោះសិល្បករ-សិល្បការីនី ដែល​ត្រូវសម្ដែងក្នុងកម្មវិធីសិល្បៈ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ច ឬបុគ្គលដែលត្រូវបញ្ចេញមតិក្នុងកម្មវិធី ឬកិច្ចប្រជុំផ្លូវការនានា៕ ​ “កម្ពុជាថ្ងៃនេះ”

អត្ថបទដែលជាប់ទាក់ទង