​កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់​(Sinovac) ចំនួន ១.៥លានដូសទៀត ​សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា​

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួល វ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ មានឈ្មោះថា “ស៊ីណូវ៉ាក់ (Sinovac)” របស់ចិន ចំនួន ១.៥លានដូស បន្ថែមទៀត នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ ហើយវ៉ាក់សាំងនេះ ក៏បានដឹកមកដល់ប្រទេសកម្ពុជារួចហើយដែរ។ នេះគឺជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនានេះ ដោយមានការចូលរួមពីសំណាក់ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីចិនតំណាងដោយ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រី នៃក្រសួងសុខាភិបាលផងដែរ។

វ៉ាក់សាំង “ស៊ីណូវ៉ាក់ Sinovac” ផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) នោះទេ។ ហើយថាជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល ៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។

បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងចរចារ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ “ស៊ីណូវ៉ាក់ Sinovac”នេះ ប្រមាណ ០៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ ដែលបានគ្រោងទុក។

ទាក់ទិនការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋ ឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ឡើងវិញ។

ដើម្បីសម្រេចផែនការនេះ កម្ពុជា បានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀត តាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់ (Covax)។ ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់ ១.៥លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយ របស់រដ្ឋាភិបាលចិន ចំនួន ៧០ម៉ឺនដូសទៀត ដែលក្នុងនោះ (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង