ស្ត្រីអាយុ៤៣ឆ្នាំ​​ស្លាប់នៅមន្ទីរពេទ្យ​ខេត្តព្រះសីហនុ ​មិនមែនស្លាប់ដោយជំងឺកូវីដ-១៩ទេ គឺស្លាប់ដោយសារធ្លាក់ឈាមខ្លាំងពេក

ខេត្តព្រះសីហនុ​៖ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា​ មានអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩​ម្នាក់​ បានស្លាប់​នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ប្រភពដដែលបញ្ជាក់ថា អ្នក​ជំងឺកូវីដ-១៩ខាងលើនេះ គឺជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២១។ ហើយក្រោយមក អ្នកជំងឺរូបនេះ បានស្លាប់នៅម៉ោង ០៤ និង៣០នាទី រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១​។

លោកស្រី យក់ សម្បត្តិ បញ្ជាក់បន្ថែមថា ស្ត្រីរងគ្រោះដល់អាយុជីវិតរូបនេះ បណ្តាលមកពីមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយមានវិជ្ជមានជំងឺកូវីដ-១៩ផង ​ធ្វើឲ្យស្ថានភាពអ្នកជំងឺ ស្ថិតក្នុងភាពដុនដាបខ្លាំង ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។

យ៉ាងណាក៏ដោយចុះ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ​២០២១នេះ បង្ហាញថា ករណីស្លាប់ស្រ្តីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនមែនស្លាប់ដោយជំងឺកូវីដ-១៩ទេ គឺស្លាប់ ដោយសារការធ្លាក់ឈាមខ្លាំងពេក (ហូរឈាមក្រពះ និងហូរឈាមរដូវច្រើន)​៕

 

អត្ថបទដែលជាប់ទាក់ទង